(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផល ដ៏ល្អប្រសើរជាទីគាប់ចិត្តសម្រាប់អ្នករាល់គ្នា នៅក្នុងជំនួបកំពូលថ្ងៃចុងក្រោយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាការចាប់ផ្ដើមជំនួបថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលនៅឯសណ្ឋាគារ មេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅចំពោះមុខលោក ត្រាំ លោក គីម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្រឹងប្រែងយ៉ាងខ្លាំងមកដល់ថ្ងៃនេះ ហើយយើងគិតថាឥឡូវនេះគឺជាពេលដ៏សំខាន់សម្រាប់ពួកយើងមកកាន់ទីក្រុងហាណូយ ដើម្បីអង្គុយ និងមានកិច្ចសន្ទនាដ៏អស្ចារ្យជាមួយគ្នា។ ដូច្នេះខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកលទ្ធផលដ៏ល្អប្រសើរជាទីគាប់ចិត្តសម្រាប់អ្នករាល់គ្នា ពីកិច្ចប្រជុំនៅថ្ងៃនេះ»។
គួរបញ្ជាក់ថា បើតាមការគ្រោងទុកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើសន្និសីទព័ត៌មានរួមជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅម៉ោង ៣៖៥០នាទីរសៀល (ម៉ោងនៅប្រទេសវៀតណាម) ថ្ងៃព្រហស្បតិ៍នេះ។ លោក ត្រាំ អាចនឹងធ្វើដំណើរចាកចេញពីទីក្រុងហាណូយឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅល្ងាចថ្ងៃដដែល ខណៈលោក គីម ត្រូវបានគេរំពឹងថា នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក៕