(ហាណូយ)៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានភាពជឿជាក់ខ្ពស់ថា ជំនួបកំពូលលោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ នៅទីក្រុង ហាណូយ លើកនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក គីម បានប្រាប់លោក ត្រាំ ថា «ខ្ញុំជឿជាក់ថា លទ្ធផលជាវិជ្ជមានដ៏អស្ចារ្យនឹងសម្រេចបាននៅពេលនេះ ដែលជាលទ្ធផលទទួលបានការស្វាគមន៍ដោយមនុស្សទាំងអស់។ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យលទ្ធផលល្អកើតឡើង»។
មេដឹកនាំទាំងពីររូប ធ្វើកិច្ចជំនួបនៅសណ្ឋាគារ Sofitel Metropole នៅក្នុងរដ្ឋធានី នៃប្រទេសវៀតណាម រយៈពេលប្រមាណ២០នាទី ក្រោយមកទើបទទួលទានអាហារពេលល្ងាចរួមគ្នា ដោយក្នុងនោះអ្នកចូលរួមមានតែមនុស្សជំនិតប៉ុណ្ណោះ។
សូមជម្រាបថា នៅក្នុងកិច្ចជំនួបជាលើកដំបូង នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅនេះ លោក គីម បានចុះហត្ថលេខាលើកិច្ចសន្យាមិនច្បាស់លាស់មួយដើម្បី ធ្វើការឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ប៉ុន្តែក្រោយមកភាគីទាំងពីរហាក់យល់ឃើញខុសគ្នាអំពីអត្ថន័យនៃពាក្យថា «លុបបំបាត់នុយក្លេអ៊ែរ»នេះ។
លោក គីម បាននិយាយថា «យើងបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីអាចជួបគ្នាទីក្រុងហាណូយម្តងទៀត»។ មេដឹកនាំរូបនេះបានបន្តថា មួយរយៈកន្លងមកវាជាពេលដែលត្រូវគិតពិចារណា ខិតខំប្រឹងប្រែង និងភាពអត់ធ្មត់ខ្ពស់ជាងពេលណាៗទាំងអស់» នេះជាការលើកឡើងរបស់មេដឹកនាំ គីម សំដៅទៅលើរយៈពេលប្រាំបីខែ នៅចន្លោះរវាងកិច្ចប្រជុំទាំងពីរលើក៕