(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបប្រជុំគ្នាជាថ្មីនៅថ្ងៃព្រហស្បតិ័ស្អែកនេះជាបន្ត ក្រោយមេដឹកនាំទាំង២សុទ្ធតែបង្ហាញពីក្ដីសង្ឃឹមថាកិច្ចប្រជុំកំពូលលើក២នេះនឹងទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំជាផ្លូវការនៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) នៃទីក្រុងហាណូយ នៅល្ងាចថ្ងៃពុធនេះ។ ថ្លែងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរូបនេះ លោក ត្រាំ ក៏បានសរសើរលោកគីម ផងដែរថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់ដែលនឹងស្វែងរកអនាគតភ្លឺស្វាងជូនប្រជាជនកូរ៉េខាងជើង។ ដោយឡែក នៅពេលត្រូវបានសាក សួរពីសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ប្រធានាធិបតីអាមេរិកបានឆ្លើយយ៉ាងខ្លីថាគ្រប់គ្នានឹងបានឃើញ។
គួរជម្រាបថា ជំនួបកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅបន្ត នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េត្រូវបានគេ រំពឹងថានឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំទំាង២។ រីឯ លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងប្រទេស វៀតណាមរហូតដល់ថ្ងៃសៅរ៍៕