(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្ដូរម៉ូតសក់របស់លោកភ្លាមៗនៅពេលធ្វើដំណើរមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ សម្រាប់ជំនួបកំពូលជាលើកទី២ក្នុងទីក្រុងហាណូយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅពេលស្ថិតនៅលើរថភ្លើងក្នុងដំណើរផ្លូវឆ្ពោះមកកាន់ទីក្រុងហាណូយ លោក គីម ជុងអ៊ុន បានសិតសក់ម៉ូតពុះកណ្ដាល ហើយ លោកមិនបានប្ដូរម៉ូតសក់នេះឡើយរហូតដល់ស្ថានីយរថភ្លើង Nanning ប្រទេសចិន។ ប៉ុន្តែ គ្រាន់តែចូលក្នុងទឹកដីវៀតណាមភ្លាម មេដឹកនាំកូរ៉េខាងជើងរូបនេះបានប្ដូរម៉ូតសក់គេស្គាល់ជាភាសាកូរ៉េថា paeki ដែលលោកតែងតែសិតនៅពេលបង្ហាញវត្តមាននៅតាម ទីសាធារណម្ដងៗ ។ រីឯអ្នកជំនាញខ្លះយល់ថាលោក គីម សិតសក់ម៉ូត paeki នេះដើម្បីឱ្យគេមើលឃើញថាគាត់មានរូបរាង ដូចជីតានោះគឺ លោក គីម អ៊ីលស៊ុង។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង ម៉ូតសក់ paeki របស់លោក គីម ជុងអ៊ុន មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុង ចំណោមយុវវ័យ និងមនុស្សវ័យកណ្ដាលក្នុងប្រទេសកូរ៉េខាងជើង។ ពោលគឺបុរសកូរ៉េខាងជើងត្រូវបានលើកទឹកចិត្តឱ្យកាត់សក់តាម ម៉ូតសក់នេះជាការគោរពដល់មេដឹកនាំរបស់ពួកគេ៕