(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុនថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់ នៅអំឡុងពេល បើកកិច្ចប្រជុំកំពូលលើកទី២ជាផ្លូវការនៅល្ងាចថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំជាផ្លូវការនៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) នៃទីក្រុងហាណូយ។ ថ្លែងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរូបនេះ លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថាអ្នក (លោក គីម ជុងអ៊ុន) នឹងស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសរបស់អ្នក ហើយអ្នកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់។ យើងនឹងជួយឱ្យរឿងនេះ កើតឡើង»។
គួរបញ្ជាក់ថា បើតាមសេតវិមាន ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមានរយៈពេល២ម៉ោង ដោយចាប់ ផ្ដើមជំនួប និងស្វាគមន៍គ្នាទៅវិញមក ហើយរយៈពេល១០នាទីបន្ទាប់ មេដឹកនាំទាំងពីរនឹងជួបគ្នា មួយទល់នឹងមួយដោយតែអ្នកបកប្រែ ប៉ុណ្ណោះនៅអម (មានលក្ខណៈបិទទ្វារ)។
ព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា នៅម៉ោង ៧៖០០នាទីយប់ថ្ងៃពុធដដែលនេះ ប្រមុខដឹកនាំទាំងពីរ និងមន្ត្រីអមដំណើររៀងៗខ្លួននឹងត្រូវចូលរួមផងដែរក្នុងពិធីទទួលទានអាហារពេលល្ងាច ១ម៉ោង និង៣៥នាទី ដែលរៀបចំជាផ្លូវការដោយអាជ្ញាធរវៀតណាម ជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់បញ្ជីរាយនាមមុខម្ហូប ដូចកាលជំនួបកំពូលលើកទី ១ ដែលប្រារព្ធឡើងនៅសិង្ហបុរីនោះឡើយ។
ជំនួបកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធនេះ រហូតដល់ ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថានឹងនៅតែជារបៀបវារៈសំខាន់ សម្រាប់មេដឹកនាំទំាង២៕