(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ (Imran Khan) បានចេញមុខអំពាវនាវឲ្យមានកិច្ចពិភាក្សា ដោយសន្តិវិធីជាមួយប្រទេសឥណ្ឌា ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបានកើនឡើងកាន់តែក្តៅនាថ្ងៃពុធនេះ ក្រោយមានករណីបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងការថ្លែងសុន្ទរកថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាជាតិប៉ាគីស្ថាន លោក Khan បានពន្យល់អំពីផលវិបាក នៃសង្គ្រាមដែលអាចផ្ទុះឡើងយ៉ាងដូច្នេះថា «ប្រវត្តិសាស្រ្តអាចប្រាប់យើងបានថា សង្រ្គាមគឺពោរពេញទៅដោយការគណនាខុស ដូច្នេះបើតាមរូបខ្ញុំគិត ដោយយោងទៅលើអាវុធដែលយើងទាំងពីរមាន គឺពួកយើងមិនអាចថ្លោះធ្លោយ បណ្តោយឲ្យមានការគណនាខុសបានជាដាច់ខាត»។ បន្ថែមពីនេះជើងហោះហើររវាងប្រទេសទាំងពីរ ក៏ត្រូវបានផ្អាកផងដែរ។
គួរជម្រាបថា នាថ្ងៃពុធនេះយោធាប៉ាគីស្ថានបានអះអាងថា កងទ័ពអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួន ០២គ្រឿង ដែលហោះចូលដែនអាកាសប្រទេសប៉ាគីស្ថាន ហើយចាប់បានអាកាសយានិកឥណ្ឌា ខណៈឥណ្ឌាបានអះអាងថា យោធាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងវិញរបស់ប៉ាគីស្ថាន តែខាតបង់យន្តហោះចម្បាំង MiG-21 ហើយបាត់ខ្លួនពីឡុតម្នាក់។
ហេតុការណ៍ខាងលើបានកើតឡើង នៅចំពោះមុខស្ថានការណ៍ដែលកំពុងតានតឹងស្រាប់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ ក្រោយមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់កាស្មៀរ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈនេះ៕