(ហាណូយ)៖ នៅទីបំផុតជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានចាប់ផ្តើមប្រារព្ធឡើងជាផ្លូវការហើយ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែលមានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយអាជ្ញាធរវៀតណាម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ជំនួបកំពូលបានចាប់ផ្តើមនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធនេះ ក្រោយពីលោក ត្រាំ និងលោក គីម ព្រមទាំងមន្ត្រីអមដំណើររៀងៗខ្លួន បានធ្វើដំណើរមកដល់សណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល។ ជំនួបថ្ងៃទីមួយរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមានរយៈពេល២ម៉ោង ដោយមេដឹកនាំទាំងពីរចាប់ផ្ដើមជំនួប និងស្វាគមន៍គ្នាទៅវិញមក ហើយរយៈពេល១០នាទីបន្ទាប់ មេដឹកនាំទាំងពីរនឹងជួបគ្នាមួយទល់នឹងមួយ ដោយតែអ្នកបកប្រែប៉ុណ្ណោះនៅអម (មានលក្ខណៈបិទទ្វារ)។
ព័ត៌មានបានឲ្យដឹងបន្ថែមទៀតថា នៅម៉ោង ៧៖០០នាទីយប់ថ្ងៃពុធដដែលនេះ ប្រមុខដឹកនាំទាំងពីរ និងមន្ត្រីអមដំណើររៀងៗខ្លួននឹងត្រូវចូលរួមផងដែរក្នុងពិធីទទួលទានអាហារពេលល្ងាច ១ម៉ោង និង៣៥នាទី ដែលរៀបចំជាផ្លូវការដោយអាជ្ញាធរវៀតណាមជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់បញ្ជីរាយនាមមុខម្ហូប ដូចកាលជំនួបកំពូលលើកទី ១ ដែលប្រារព្ធឡើងនៅសិង្ហបុរីនោះឡើយ។
តាមការផ្សាយ និងរូបភាពជាច្រើននៃបណ្តាញសារព័ត៌មានអន្តរជាតិធំៗ គេសង្កេតឃើញមានការរៀបចំតុបតែងលម្អតាមដងផ្លូវនូវទង់ជាតិប្រទេសទាំងបី អាមេរិក កូរ៉េខាងជើង និងវៀតណាម ព្រមទាំងមានសិស្សានុសិស្ស និងប្រជាជនវៀតណាមយ៉ាងច្រើនកុះករឈរអបអរតាមដងផ្លូវទីក្រុងហាណូយ ដែលមេដឹកនាំកំពូលទាំងពីរធ្វើដំណើរ សំដៅទៅសណ្ឋាគារខាងលើនេះផងដែរ។
គួរជម្រាបថា ជំនួបកំពូលជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថា នឹងនៅតែជារបៀបវារៈសំខាន់សម្រាប់មេដឹកនាំកំពូលទាំងពីរ ប៉ុន្តែវាត្រូវបានប្រាកដច្បាស់ថា មានភាពប្រាកដនិយមជាងនៅសិង្ហបុរី ព្រោះដូចលោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យហើយថា កូរ៉េខាងជើងជាប្រទេសដែលទទួលបានឱកាសពិសេស មិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕