(គែរ)៖ មនុស្សយ៉ាងតិច ២០នាក់បានបាតបង់ជីវិត និងច្រើន​ជាង​៤០នាក់បានរងរបួស នៅពេល​អគ្គីភ័យ​​មួយបានឆាបឆេះ​​ឡើង​ នៅស្ថានីយរថភ្លើងធំ​ជាងគេនៅចំកណ្តាល​រដ្ឋធានីគែរនៃប្រទេស​អេហ្ស៊ីប។ នេះបើតាមទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែល​បាន​​ដក​ស្រង់សេចក្តីរាយការណ៍​ពីស្ថានីយទូរទស្សន៍​រដ្ឋ​អេហ្ស៊ីប Nile TV នៅល្ងាច​ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាម​សេចក្តីរាយការណ៍​ព័ត៌មានរបស់ Nile TV គ្រោះអគ្គីភ័យ​បានបង្កឡើងនៅពេលដែល​រថភ្លើងមួយខ្សែ បានជ្រុលបុក​ខឿន​​ផ្លូវនៅ​ក្នុង​ស្ថានីយ រ៉ែមសែស (Ramses)។ ក្រោយ​ពេល​កើតហេតុ​​ភ្លាមៗ រថយន្តសង្រ្គោះ​បន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ​បាន​​ប្រញាប់​ប្រញាល់​​ទៅ​កាន់​ស្ថានីយរថភ្លើង​នេះ​ជាបន្ទាន់។

គួរជម្រាបថា ខណៈនេះជើង​រថភ្លើងឆ្ពោះទៅ និងមកកាន់ទីក្រុងគែរត្រូវ​បានផ្អាក​ទាំងអស់។ ​យោងតាម​ប្រភពពីក្រុមគ្រូពេទ្យ អ្នក​រងរបួស​ភាគច្រើន​ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរខ្លាំង ដែលជាហេតុធ្វើ​ឲ្យតួលេខនៃអ្នកស្លាប់​ អាចកើនឡើងខ្ពស់ជាង​នេះទៀត៕