(កាត្មាន់ឌូ)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដឹករដ្ឋមន្រ្តីទេសចរណ៍ និងអាកាសចរស៊ីវិលនេប៉ាល់ លោក រ៉ាប៊ីនដ្រា អាឌីការី (Rabindra Adhikari) បានធ្លាក់នៅតំបន់ ផាធីវ៉ារ៉ា (Pathivara) ក្នុងស្រុក ថេភ្លេជុង (Taplejung) នៃរដ្ឋគីរ៉ាត់ (Kirat) ភាគខាងកើតប្រទេសនេប៉ាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Kathmandu Post នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ពីប៉ូលិសនេប៉ាល់ ហេតុការណ៍ខាងកើតបានកើតឡើងនារសៀលថ្ងៃពុធនេះ ហើយឧទ្ធម្ភាគចក្ររបស់លោករដ្ឋមន្រ្តីបានដាច់ការទាក់ទង និងធ្លាក់នៅតាមផ្លូវធ្វើដំណើរត្រឡប់មកពីទីសក្ការបូជា Pathivara នៃស្រុក Taplejung បន្ទាប់ពីលោកបានធ្វើដំណើរជាមួយមនុស្ស ០៥នាក់ផ្សេងទៀត ដើម្បីចុះទៅត្រួតពិនិត្យព្រលានយន្តហោះ តេរ៉ាថុម (Tehrathum)។ ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ទីភ្នាក់ងារ Air Dynasty ដែលបម្រើសេវាទេសចរណ៍តាមរយៈឧទ្ធម្ភាគចក្រ ដែលមានទីស្នាក់នៅរដ្ឋធានីកាត្មាន់ឌូនៃប្រទេសនេប៉ាល់។
គួរជម្រាបថា បុគ្គល០៥នាក់ផ្សេងនោះរួមមាន សហគ្រិនផ្នែកទេសចរណ៍ឈ្មោះ ឈឺរីង ហ្សែប៉ា (Chhiring Sherpa), ជំនួយការនាយករដ្ឋមន្រ្តីនេប៉ាល់ឈ្មោះ យូបារ៉ាច (Yubaraj Dahal), អ្នកបញ្ជាឧទ្ធម្ភាគចក្រឈ្មោះ ប្រាបាការ (Prabhakar KC), អង្គរក្សម្នាក់របស់លោក Adhikari ឈ្មោះ អាជន គុម៉ារ (Arjun Kumar Ghimire), អគ្គនាយករងនៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ លោក ប៊ីរិនដ្រា គុម៉ារ (Birendra Kumar Shrestha)។ ដោយឡែកពុំមានការបញ្ជាក់ពីជោគវាសនានៃមនុស្សទាំង ០៦នាក់នេះនៅឡើយទេ ហើយមូលហេតុនៃការធ្លាក់ក៏មិនទាន់បានដឹងច្បាស់ដែរ៕