(សេអ៊ូល)៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសកូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងលិចប្រទេស តែសំណាងល្អណាស់ដែលអាកាសយានិកដែលបញ្ជាលើនោះទាំងពីររូប បានចុចឆ័ត្រយោងលោតចេញដោយសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យន្តហោះចម្បាំងធុន KF-16D ដែលផ្ទុកអ្នកបើកបរ ០២នាក់របស់កងទ័ពអាកាសកូរ៉េខាងត្បូង បានធ្លាក់ទៅក្នុងផ្ទៃសមុទ្រភាគខាងលិចប្រទេសកូរ៉េខាងត្បូង នាវេលាថ្ងៃត្រង់ថ្ងៃពុធនេះ ក្រោយពីហោះចាកចេញពីបន្ទាយទ័ពអាកាសមួយកន្លែងនៅទីក្រុង កាន់សាន (Gunsan) ដែលស្ថិតនៅចម្ងាយប្រហែល ២៧០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការហោះហើរជាលក្ខណៈហ្វឹកហ្វឺន។
គួរជម្រាបថា មូលហេតុពិតប្រាកដដែលបង្កឲ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ពុំទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែអាកាសយានិកទាំង ០២នាក់ បានចុចកៅអីបាញ់លោតចេញពីយន្តហោះទាន់ និងពុំបានទទួលរងរបួសអ្វីឡើយ៕