(ហាណូយ)៖ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងប្រទេសវៀតណាម ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលជាលើកទីពីរ ប៉ុន្តែមេដឹកនាំទាំងពីរមិនមែនធ្វើដំណើរមកតែឯងនោះឡើយ។ រាល់មេដឹកនាំពិភពលោកដែលមកចូលរួមកិច្ចប្រជុំបែបនេះ សុទ្ធតែមានប្រតិភូអមមកជាមួយ ប៉ុន្តែសំណួរទាក់ទងរឿងថា តើបុគ្គលណាខ្លះមកជាមួយ គឺកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតសម្រាប់ថ្នាក់ដឹកនាំ ដូចជាប្រទេសកូរ៉េខាងជើង។
មនុស្សមួយចំនួនឆ្ងល់ថា តើប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង មានវត្តមាននៅរដ្ឋធានីហាណូយរបស់វៀតណាម ជាមួយលោកដែរ ឬក៏អត់។ នៅពេលមេដឹកនាំកូរ៉េខាងជើងរូបនេះ បានឈានជើងចេញពីរថភ្លើងផ្ទាល់ខ្លួនរបស់លោក នៅក្រុង Dong Dang ជាប់ព្រំប្រទល់វៀតណាម-ចិន សារព័ត៌មានអាមេរិក The Washingon Post បានរាយការណ៍ថា អ្នកនាង គីម យ៉ូចុង ក៏មានវត្តមានអមមកដែរ។
បើតាមឃ្លីបវីដេអូមួយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន TBS-JNN គេឃើញលោក គីម ជុងអ៊ុន ឈរជក់បារីក្នុងស្ថានីយមួយកន្លែងនៅប្រទេសចិននាពេលយប់ ហើយប្អូនស្រីរបស់លោកឈរនៅក្បែរនោះ ដោយកាន់កូនចានគោះកន្ទុយបារីសម្រាប់បងប្រុសរបស់នាង។ ខណៈមន្រ្តីកូរ៉េខាងជើងភាគច្រើនបានត្រៀមរង់ចាំ ទទួលរូបលោករួចជាស្រេចនៅវៀតណាម នៅពេលដែលលោកបានមកដល់ក្រោយការធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយកាត់តាមប្រទេសចិននោះ អ្នកនាង គីម យ៉ូចុង ក៏ទំនងជាបានជិះរថភ្លើងជាមួយបងប្រុសរបស់ខ្លួន។
ខណៈពិភពខាងក្រៅពិបាកនឹងដឹងរឿងផ្ទៃក្នុង នៃប្រទេសកុម្មុយនិស្តដូចជាកូរ៉េខាងជើងនេះក៏ដោយក្តី រូបភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា អ្នកនាង គីម យ៉ូចុង មិនមែនគ្រាន់តែជាបុគ្គលធម្មតាៗ សម្រាប់កាន់ចានគោះបារីឲ្យលោក គីម ឡើយ ពោលគឺអ្នកនាងត្រូវអ្នកវិភាគអន្តរជាតិចាត់ទុកថា ជាបុគ្គលដែលពោរពេញដោយឥទ្ធិពលម្នាក់។
កាលពីឆ្នាំ២០១៨ អ្នកនាង គីម យ៉ូចុង បានតំណាងកូរ៉េខាងជើងទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង ដែលត្រូវសារព័ត៌មាន The Guardian ប្រៀបប្រដូចថា មានមុខមាត់ស្មើនឹងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងកូនស្រីរបស់លោក ត្រាំ គឺអ្នកនាង Ivanka Trump។ បើតាមសារព័ត៌មាន The Washington Post វិញ ទស្សនកិច្ចរបស់អ្នកនាងទៅកាន់ទីក្រុង PyeongChang នាពេលនោះ បានធ្វើឲ្យអ្នកនាងក្លាយជាសមាជិកដំបូងគេនៃគ្រួសារត្រកូលគីម ដែលបានឈានជើងជាន់ចូលទឹកដីកូរ៉េខាងត្បូង។
ជាការពិតណាស់ ព័ត៌មានលម្អិតទាក់ទិននឹងអ្នកនាង គឺពិបាកនឹងស្វែងរកខ្លាំងណាស់ មិនខុសពីសមាជិកដទៃៗទៀត នៃគ្រួសាររបស់អ្នកនាងឡើយ។ យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិក អ្នកនាង យ៉ូចុង ប្រហែលស្ថិតក្នុងវ័យខ្ទង់ ៣០ឆ្នាំ ខណៈព័ត៌មាននេះត្រូវបានគេដឹងជាសាធារណៈ នៅពេលដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានកត់ឈ្មោះអ្នកនាងចូលក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន កាលពីខែមករា ឆ្នាំ២០១៧។
កាលនោះក្រសួងហិរញ្ញវត្ថុអាមេរិកបានចុះឈ្មោះអ្នកនាង ជាអនុប្រធាននៃនាយកដ្ឋានឃោសនាការ នៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង ដែលវាគឺជាតំណែងជាន់ខ្ពស់មួយ។ អ្នកនាង យ៉ូចុង មានតួនាទីដ៏សំខាន់មួយ នៅក្នុងវិស័យឃោសនាព័ត៌មានរដ្ឋ នៃប្រទេសកូរ៉េខាងជើង។
បើតាមសារព័ត៌មាន The Washington Post អ្នកនាងជារឿយៗបានចូលរួមព្រឹត្តិការណ៍សាធារណៈធំៗជាមួយបងប្រុស ដើម្បីជួយឲ្យអ្វីៗប្រព្រឹត្តទៅដោយរលូន។ អ្នកនាង គីម យ៉ូចុង មិនមែនជាស្រ្តីតែម្នាក់ដែលធ្លាប់បានអមដំណើរជាមួយ លោក គីម ជុងអ៊ុន ឡើយ ប៉ុន្តែអ្នកនាងអាចជាបុគ្គលដែលសំខាន់ និងមានឥទ្ធិពលជាងគេបំផុតក្នុងចំណោមអ្នកទាំងអស់នោះនៅក្នុងការជួយជ្រោមជ្រែង ដំណើរនយោបាយរបស់បងប្រុសខ្លួន ដែលស្ថិតនៅក្នុងវ័យក្មេងខ្ចីដូចគ្នា បើធៀបនឹងមេដឹកនាំនានានៅពិភពលោកផ្សេងៗទៀត៕
ប្រភពព័ត៌មាន៖ វែបសាយព័ត៌មាន និងវិភាគ Bustle
ថ្ងៃដកស្រង់៖ ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩