​(ប៉េកាំង)៖ ក្រសួងការបរទេស​ចិន​នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានរ​ក្សា​ភាព​អត់ធ្មត់ ខណៈប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរ កំពុងស្ថិតនៅមាត់​ជ្រោះនៃជម្លោះ​ប្រដាប់​អាវុធ ដោយសារតែការ​បំផ្ទុះគ្រាប់បែក​ស្លាប់ជនជាតិឥណ្ឌាជាង ៤០នាក់កាលពីប៉ុន្មាន​សប្តាហ៍មុន និង​ការបាញ់​ទម្លាក់យន្តហោះ​ចម្បាំងគ្នា​ទៅវិញទៅមក​ក្នុងថ្ងៃនេះ​តែម្តង។​ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ​ ឆ្នាំ២០១៩។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង (Lu Kang) បានធ្វើការអំពាវនាវ​បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ​នៅឯទីក្រុង​ប៉េកាំង ហើយការអំពាវនាវ​នេះទៀតសោត ធ្វើឡើងតែប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​បន្ទាប់ពីប៉ាគីស្ថាន​អះអាងថា ខ្លួនបានបាញ់ទម្លាក់​យន្ដហោះចម្បាំង​ឥណ្ឌាពីរគ្រឿងនៅឯតំបន់​កាស្មៀរ ខណៈប្រព័ន្ធ​ផ្សព្វផ្សាយឥណ្ឌា​បានចេញផ្សាយ​ដែរថា កងទ័ពអាកាស​ឥណ្ឌា ក៏បានបាញ់ទម្លាក់​យន្ដហោះ​ចម្បាំងប៉ាគីស្ថាន​មួយគ្រឿង​វិញ​ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារយន្ដហោះចម្បាំង នៃកងទ័ព​អាកាសឥណ្ឌា​បាន​ហោះចូល​ក្នុងដែនអាកាស​ប៉ាគីស្ថាន ដើម្បីបើកការ​វាយប្រហារតាមផ្លូវអាកាស​លើមូលដ្ឋានក្រុម​សកម្មប្រយុទ្ធ​ដែលខ្លួនចោទថា ជាអ្នកនៅពីក្រោយ​ការវាយប្រហារបំផ្ទុះគ្រាប់បែក​អត្តឃាត សម្លាប់កងកម្លាំង​សន្តិសុខឥណ្ឌា ៤០នាក់ក្នុងតំបន់កាស្មៀរកាលពីជាង២សប្ដាហ៍មុន។ ចំណែកឯប៉ាគីស្ថានបាន ព្រមានថា នឹងចាត់វិធានការសងសឹក បើយន្ដហោះចម្បាំងចូល​ក្នុងដែនអាកាស​របស់ខ្លួនសាជាថ្មី៕