(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានទទូចឲ្យឥណ្ឌា និងប៉ាគីស្ថានខិតខំព្យាយាមអត់ធ្មត់ ហើយកុំឲ្យធ្វើសកម្មភាពអ្វីផ្សេងទៀត ដែលនឹងធ្វើឲ្យភាពតានតឹងបច្ចុប្បន្នកាន់តែផ្ទុះឡើងខ្លាំងថែមទៀត ប៉ុន្តែឥឡូវនេះប្រទេសជិតខាង ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃទាំងពីរនេះ បានបាញ់ទម្លាក់យន្តហោះចម្បាំងគ្នា ទៅវិញទៅមករួចស្រេចទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នាថ្ងៃពុធនេះកងកម្លាំងទ័ពអាកាសរបស់ប្រទេសប៉ាគីស្ថាន បានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ០២គ្រឿង និងចាប់ខ្លួនអាកាសយានិកឥណ្ឌាម្នាក់ថែមទៀត។ បើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា កងទ័ពអាកាសឥណ្ឌាបានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថានមួយគ្រឿងប្រភេទ F16 ជាការសងសឹកតបវិញភ្លាមៗផងដែរ។ ដោយឡែកការអំពាវនាវរបស់អាមេរិកខាងលើ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនករណីបាញ់ទម្លាក់យន្តហោះចម្បាំងទាំងសងខាងកើតឡើង។
គួរជម្រាបថា ភាពតានតឹងបានផ្ទុះឡើងរវាងប្រទេសអតីតបងប្អូនទាំងពីរ បន្ទាប់ពីមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីពាក់កណ្តាលខែកុម្ភៈ ទៅលើកងកម្លាំងសន្តិសុខឥណ្ឌានៅមួយផ្នែកនៃតំបន់ការស្មៀរ ដែលកាន់កាប់ដោយឥណ្ឌាបណ្តាលមនុស្សជាង ៤០នាក់បាត់បង់ជីវិតដោយឡែកឥឡូវនេះ គឺស្ថានការណ៍កាន់តែផុយស្រួយខ្លាំងមែនទែនហើយ ក្រោយសង្គ្រាមលើអាកាសទើបផ្ទុះឡើង៕