(ញូដេលី)៖ សារព័ត៌មាន​ឥណ្ឌា​នៅថ្ងៃពុធនេះបានចេញផ្សាយថា កងទ័ពអាកាស​ឥណ្ឌាបាន​​បាញ់ទម្លាក់​យន្ដហោះចម្បាំង​ប៉ាគីស្ថាន មួយ​គ្រឿងប្រភេទ F16 ជាការ​សងសឹក ក្រោយពីមានសេចក្ដីរាយការណ៍ថា ប៉ាគីស្ថានទើបបានបាញ់ទម្លាក់​យន្ដហោះចម្បាំង​ឥណ្ឌាពីរគ្រឿង នៅក្នុងដែន​អាកាស​របស់ខ្លួន​នៅតំបន់កាស្មៀរ និងចាប់បាន​ពីឡុតឥណ្ឌា​ម្នាក់​ទៀត។ នេះបើ​តាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍បច្ចុប្បន្ន កំពុងតែប្រែក្លាយទៅជាតានតឹងខ្លាំងឡើងៗ បន្ទាប់ពីមានក​រណីវាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​​អត្តឃាត កាលពីពាក់​កណ្តាល​ខែកុម្ភៈ ទៅលើកង​កម្លាំង​​សន្តិសុខឥណ្ឌា​នៅ​មួយផ្នែកនៃ​តំបន់​​ការស្មៀរ​ ដែលកាន់កាប់ដោយឥណ្ឌា​បណ្តាល​មនុស្សជាង ៤០នាក់​បាត់បង់​ជីវិត ហើយប្រទេសទាំងពីរ​ផ្លោងពាក្យសម្តី និង​ការគម្រាមគ្នាទៅវិញ​ទៅមក៕