(អ៊ីស្លាម៉ាបាដ)៖ កងកម្លាំងទ័ពអាកាសរបស់ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនអាកាសយានិកឥណ្ឌាម្នាក់ក្រោយពីខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ០២គ្រឿង ដែលបានហោះចូលមកក្នុងដែនអាកាសប៉ាគីស្ថាននៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកឧត្តមសេនីយ អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) នៃកងកម្លាំងទ័ពប៉ាគីស្ថានបានអះអាងថា យន្តហោះចម្បាំងឥណ្ឌាមួយគ្រឿងបានធ្លាក់ទៅក្នុងទឹកដីប៉ាគីស្ថាន ជាហេតុធ្វើឲ្យយើងអាចចាប់បានអាកាសយានិកឥណ្ឌាម្នាក់ ខណៈយន្តហោះចម្បាំងមួយគ្រឿងទៀតបានធ្លាក់ទៅលើទឹកដីឥណ្ឌាវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍កំពុងតែតានតឹងខ្លាំង ដែលគេរំពឹងថា ឥណ្ឌានឹងធ្វើការតបតទៅវិញជាមិនខាន។ ភាពតានតឹងបានផ្ទុះឡើងរវាងប្រទេសអតីតបងប្អូនទាំងពីរ បន្ទាប់ពីមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីពាក់កណ្តាលខែកុម្ភៈ ទៅលើកងកម្លាំងសន្តិសុខឥណ្ឌានៅមួយផ្នែកនៃតំបន់ការស្មៀរដែលកាន់កាប់ដោយឥណ្ឌាបណ្តាលមនុស្សជាង ៤០នាក់បាត់បង់ជីវិត៕