(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធនេះបានចូលជួបសំណេះសំណាលគ្នាជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅឯទីក្រុងហាណូយ មុនពេលលោកត្រូវជួបគ្នាបើកឆាកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលលើកទីពីរអាមេរិក-កូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងជំនួបជាមួយលោក Trong លោក ត្រាំ បានស្ងើចសរសើរភាពរីកចម្រើននៃសេដ្ឋកិច្ចវៀតណាម និងបានចាត់ទុកប្រទេសអាស៊ានមួយនេះថា ជាគំរូដ៏ល្អមួយនូវអ្វីដែលអាចកើតឡើង ប្រសិនបើកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយសម្រេចបានសន្តិភាពជាមួយសហរដ្ឋអាមេរិក។ ក្រៅពីនេះ លោក ត្រាំ បានអរគុណវៀតណាមសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទីពីររវាងលោកនិងលោក គីម ជុងអ៊ុន។ នាឱកាសនោះ ក៏មានចុះកិច្ចព្រមព្រៀងទិញយន្តហោះជាច្រើនគ្រឿងរវាងអាកាសចរណ៍វៀតណាម និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ផងដែរ។
រីឯក្នុងជំនួបជាមួយ លោក Phuc លោក ដូណាល់ ត្រាំ បានសរសើរលោក Phuc សម្រាប់វឌ្ឍនភាពដ៏ធំសម្បើម ដែលវៀតណាមទទួលបានគិតចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់ប្រទេសនេះ គឺកាលពីចុងឆ្នាំ២០១៧ ខណៈលោកនាយករដ្ឋមន្រ្តីវៀតណាម បានសាទរលោក ត្រាំ សម្រាប់ភាពជោគជ័យនៃវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រៅពីជួបពិភាក្សាគ្នា ប្រតិភូអាមេរិកដែលដឹកនាំដោយលោក ត្រាំ និងប្រតិភូវៀតណាមដែលដឹកនាំដោយ លោក Phuc ក៏បានទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នាថែមទៀតផង។
គួរជម្រាបថា នាល្ងាចថ្ងៃពុធនេះ លោក ត្រាំ នឹងត្រូវជួបហើយពិសារអាហារជាមួយលោក គីម នៅសណ្ឋាគារ Metropole ក្នុងរដ្ឋធានីហាណូយ ដែលជាការជួបមុខគ្នាលើកទីពីរ គិតចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីមួយរវាងមេដឹកនាំទាំងពីរ ដែលត្រូវបានធ្វើឡើងកាលពី០៨ខែមុន នៅឯប្រទេសសិង្ហបុរី ក្រោមគោលដៅជំរុញឲ្យ កូរ៉េខាងជើងបោះចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ចំណែកនៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ និង លោក គីម ក៏នឹងជួបគ្នាម្តងទៀតដែរ៕