(ហាណូយ)៖ អាកាសចរណ៍ធំៗ​ពីររបស់វៀតណាម​គឺ VietJet និង Bamboo នៅថ្ងៃពុធ​នេះ​បានប្រកាសពី​កិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រុមហ៊ុន​យក្សអាមេរិក Boeing ដែលមាន​តម្លៃ ១៥ពាន់លានដុល្លារ ដោយក្នុងនោះ​ Boeing ត្រូវផលិត​យន្តហោះ​ ១១០គ្រឿង​ឲ្យ​ក្រុមហ៊ុន​ទាំងពីរនេះ ខណៈដែល​​សហរដ្ឋអាមេរិក និងវៀតណាម​​ក៏ទើប​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​អនុញ្ញាតការហោះហើរត្រង់ទៅត្រង់​មក​រវាងគ្នាផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នារសៀល​ថ្ងៃពុធ ទី២៧ ខែកុម្ភៈ​ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង​ខាងលើនេះ ត្រូវបានធ្វើឡើង​រវាងអ្នក​តំណាងក្រុមហ៊ុន​ទាំងពីរ និង​ក្រុមហ៊ុន Boeing អាមេរិក​ចំពោះ​មុខដំណើរ​ទស្សនកិច្ច នៃប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូល​កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលធ្វើឲ្យ​ពិភពលោក​​ទាំងមូល​ចោលក្រសែភ្នែក​ទៅលើវៀតណាម។ ដោយឡែក​លោក ដូណាល់ ត្រាំ នៅមុននេះ​បន្តិច​ ក៏បាន​បើកកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលវៀតណាមផងដែរ ដោយគេ​រំពឹងថា ភាគីទាំងពីរនឹងមាន​ចុះកិច្ចព្រមព្រៀងមួយចំនួន សំដៅលើស្ទួយកិច្ចសហប្រតិបត្តិការ​រវាងសហរដ្ឋ​អាមេរិក និងវៀតណាម ជាពិសេសទៅលើ​វិស័យសេដ្ឋកិច្ច។

ងាកទៅ​កិច្ចព្រមព្រៀង​ខាង​លើនេះវិញ សម្រាប់យន្តហោះ​ទាំង ១១០គ្រឿងនោះ គឺ ១០០គ្រឿង​ជាការបញ្ជាទិញដោយ​អាកាសចរណ៍ VietJet ប្រភេទ Boeing 737 MAX ដែលមាន​តម្លៃសរុប ១២.៧ពាន់លានដុល្លារ និង ១០គ្រឿង​ទៀតជារបស់អាកាសចរណ៍ Bamboo ប្រភេទ Boeing 787 wide-bodied ដែលមាន​តម្លៃសរុប ២.៩ពាន់លាន​ដុល្លារ។ បន្ថែមពីនេះ​នៅថ្ងៃខាង​មុខអាកាសចរណ៍ Bamboo ក៏គ្រោងបញ្ជាទិញយន្តហោះ Boeing ប្រភេទ 737 narrow-bodied ចំនួន ២៥គ្រឿង​ទៀត​ផងដែរ។

គួរបញ្ជាក់ថា ការទិញយន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍​វៀតណាមទាំងពីរ​ខាងលើនេះ គឺស្ថិតនៅក្នុង​គោលដៅស្របគ្នា​របស់រដ្ឋាភិបាល នោះគឺការបង្កើន​ជើងហោះ​ហើរ​ទៅ​កាន់ពិភពលោក​​ឲ្យបានកាន់តែ​ទូលំទូលាយ ជាពិសេសទៅ​កាន់សហរដ្ឋអាមេរិក និងបណ្តា​ប្រទេស​នៅសហភាពអឺរ៉ុប៕