ទីបំផុតប្រធានាធិបតីនីហ្សេរីយ៉ាបច្ចុប្បន្នលោក Buhari ជាប់ឆ្នោតជាថ្មី និងបន្តកាន់អំណាចមួយអាណត្តិទៀត!
27-02-2019 11:59
(នីហ្សេរីយ៉ា)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសនីហ្សេរីយ៉ា បានប្រកាសនាថ្ងៃពុធនេះថា ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍នោះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រការនេះលោក Buhari បានផ្តួលលោក អាទីគូ អាប៊ូបាការ (Atiku Abubakar) ដែលជាបេក្ខជនរបស់គណបក្សប្រឆាំងធំជាងគេនៅនីហ្សេរីយ៉ា និងជាអតីតអនុប្រធានាធិបតី ដើម្បីបន្តកាន់តំណែងក្នុងអាណត្តិទីពីរ។ បើតាមលោក ម៉ាមូដ យ៉ាប៊ូគូ (Mahmood Yakubu) ជាប្រធានគណៈកម្មការបោះឆ្នោតនីហ្សេរីយ៉ា INEC លោក Buhari ដែលជាបេក្ខជនបក្សកាន់អំណាច APC ទទួលបានសំឡេងឆ្នោតគាំទ្រជាង ១៥លានសំឡេង ឬស្មើនឹង ៥៥.៥ភាគរយ នៃចំនួនសន្លឹកឆ្នោតបានការសរុបជាង ២៧.៣លានសន្លឹក។
ចំណែកឯ លោក Abubakar មកពីបក្ស PDP ទទួលបានសំឡេងគាំទ្រជាង ១១លានសំឡេង ឬស្មើនឹង ៤១.២ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕