សារលោក ដូណាល់ ត្រាំ៖ «កូរ៉េខាងជើងនឹងមានឱកាសក្លាយជាប្រទេសរីកចំរើនដូចវៀតណាមដែរ បើសិនជាលោក គីម ជុងអ៊ុន ព្រមបោះចោលនុយក្លេអ៊ែរ» (Video Inside)
27-02-2019 11:13
(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនាថ្ងៃពុធនេះថា កូរ៉េខាងជើងនឹងមានឱកាស ទទួលបានការរីកចម្រើនដូចជាប្រទេសវៀតណាមដែរ ប្រសិនបើលោក គីម ជុងអ៊ុន គោរពតាមពាក្យសន្យានៃការបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ការបង្ហោះសារនេះធ្វើឡើងនៅមុនពេលដែល លោក ដូណាល់ ត្រាំ ត្រូវជួបមុខគ្នាបើកឆាកក្នុងជំនួបកំពូលលើកទីពីរ នៅក្រុងហាណូយនាល្ងាចថ្ងៃពុធនេះ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ លោក ត្រាំ បាននិយាយដូច្នេះថា «ប្រទេសវៀតណាមកំពុងតែរីកចម្រើន ដូចទៅនឹងកន្លែងមួយចំនួនតូចប៉ុណ្ណោះនៅលើផែនដី។ កូរ៉េខាងជើងនឹងអាចដូចគ្នាហើយលឿនមែនទែន ប្រសិនបើបោះបង់ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល និងឱកាសដ៏កម្រអស្ចារ្យមួយសម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ»។
គួរជម្រាបថា ក្រោយមកដល់រដ្ឋធានីហាណូយ នៃប្រទេសវៀតណាមកាលពីយប់ថ្ងៃអង្គារ លោក ត្រាំ នឹងចាប់ផ្តើមបើកកិច្ចប្រជុំកំពូលលើកទីពីររបស់លោកជាមួយលោក គីម នាល្ងាចថ្ងៃពុធនេះ តាមរយៈការជួបសន្ទនាមួយទល់មួយរយៈពេល ២០នាទី និងការទទួលទានអាហារជាមួយគ្នា ដែលមានរយៈពេលជាង ០១ម៉ោងកន្លះ ហើយមេដឹកនាំទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃស្អែក៕