(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនឯងជា ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាដោយមានការគំាទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើននោះ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ បើលោកហ៊ានចូលមកក្នុងវេណេស៊ុយអេឡាវិញ ដើម្បីឲ្យអាជ្ញាធរទីក្រុងការ៉ាកាស់អនុវត្តន៍តាមនីតិវិធី។ នេះបើតាម ការគូសបញ្ជាក់របស់ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡាម្នាក់ ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ចៅក្រមតុលាការកំពូលវេណេស៊ុយអេឡា លោក ជូអាន ខាឡូស វ៉ាល់ឌែស (Juan Carlos Valdez) បានធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារសប្ដាហ៍នេះ និងយោងទៅតាមការសម្រេចចិត្តពីតុលាការកំពូល ដែលហាមលោក Guaido ចាកចេញពីប្រទេស ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបង្ខំដឹកនាំជំនួយអាមេរិកចូលក្នុងប្រទេស និងមួយទៀតគឺលោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) និងមេដឹកនាំនៅក្នុងតំបន់ជាច្រើនទៀត ក្នុងគោលបំណងស្វែងរកការដាក់សម្ពាធ និងទណ្ឌកម្មរហូតដល់លោក ម៉ាឌូរ៉ូ ព្រមចុះចេញពីតំណែង។
លោក Valdez បានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «លោក (លោក Guaido) បានរំលោភបំពានលើច្បាប់ ហើយអ្វីដែលកើតឡើង នោះគឺលោកបានរត់ចេញទៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរវេណេស៊ុយអេឡា។ ដូច្នេះអាជ្ញាធរត្រូវតែចាប់ខ្លួន និងបញ្ជូនលោកទៅកាន់ពន្ធនាគារ ខណៈលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ៣០ឆ្នាំ»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកូឡុំប៊ី លោក Juan Guaido បានអះអាងថា លោកនឹងត្រឡប់ចូលក្នុងប្រទេសវេណេស៊ុយអេឡាវិញក្នុងសប្ដាហ៍នេះ បើទោះជាដឹងថា លោកត្រូវប្រឈមមុខនឹងការចាប់ខ្លួនក៏ដោយ។ ប៉ុន្តែបើគេចាប់មិនភ្លេច សហរដ្ឋអាមេរិកធ្លាប់បានព្រមានលោក ម៉ាឌូរ៉ូ ថាបើហ៊ានតែធ្វើបាបមេបក្សប្រឆាំងរូបនេះ នោះទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ឱនឱ្យជាដាច់ខាត៕