(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានកោះហៅ ឧត្តមស្នងការស្តីទីនៃប្រទេសឥណ្ឌាប្រចាំនៅប៉ាគីស្ថាន ដើម្បីសម្តែងការប្រឆាំងចំពោះការរំលោភដែនអាកាសរបស់កងយន្តហោះចម្បាំងឥណ្ឌា ហើយបានបង្គាប់ឲ្យឈប់មានការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌានៅតាមកញ្ចក់ទូរទស្សន៍ប៉ាគីស្ថានតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នាថ្ងៃអង្គារសប្តាហ៍នេះ ការិយាល័យកិច្ចការបរទេសរបស់រដ្ឋមន្រ្តីការបរទេសស្តីទីនៃប៉ាគីស្ថាន បានសម្តែងការជំទាស់ចំពោះលោក ហ្គោរ៉ាវ អាលូវ៉ាលៀ (Gaurav Ahluwalia) ជុំវិញការរំលោភបំពានរបស់ឥណ្ឌាមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប៉ាគីស្ថាន តាមរយៈការបញ្ជូនយន្តហោះចម្បាំង ០៨គ្រឿង ហោះឆ្លងចូលមកក្នុងដែនដីប៉ាគីស្ថាននៅតំបន់កាស្មៀរប៉ែកខាងប៉ាគីស្ថាន។
ប៉ាគីស្ថានក៏បានទាត់ចោលការអះអាងរបស់ឥណ្ឌាផងដែរថា យន្តហោះចម្បាំងរបស់ពួកគេ បានវាយប្រហារចំទីតាំងជ្រកកោណរបស់ភេរវករធំមួយ ហើយផ្តាច់ជីវិតមនុស្សមួយចំនួន ហើយទីក្រុងអ៊ីស្លាម៉ាបាដបានព្រមានបន្ថែមទៀតថា ទង្វើរបស់ឥណ្ឌាគឺជាការគំរាមកំហែងមួយដល់សន្តិភាពនៅក្នុងតំបន់ ដូច្នេះហើយប៉ាគីស្ថាននឹងធ្វើការសងសឹកទៅវិញជាក់ជាមិនខាន។ បន្ថែមពីនេះរដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន លោក ហ្វាវ៉ាដ ឆូឌ្រី (Fawad Chaudhry) បានបង្គាប់ឲ្យសមាគមខ្សែភាពយន្តប៉ាគីស្ថាន ចេញបម្រាមដើម្បីបញ្ឈប់លែងឲ្យមានការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌា នៅក្នុងប្រទេសប៉ាគីស្ថានតទៅទៀត។
គួរជម្រាបថា រឿងហេតុខាងលើបានកើតឡើង ចំពេលភាពតានតឹងនៅតែបន្តកើនឡើងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ បន្ទាប់ពីមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីពាក់កណ្តាលខែកុម្ភៈ ទៅលើកម្លាំងសន្តិសុខឥណ្ឌានៅមួយផ្នែកនៃតំបន់ការស្មៀរដែលកាន់កាប់ដោយឥណ្ឌា បណ្តាលមនុស្សជាង ៤០នាក់បាត់បង់ជីវិត៕