(ឡាហាវ៉ាន់)៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសគុយបា បានធ្លាក់នៅចម្ងាយ ៥០គីឡូម៉ែត្រពីភាគនិរតីរបស់រដ្ឋធានីឡាហាវ៉ាន់ ខណៈពីឡុតដែលបញ្ជាលើយន្តហោះនោះមានសុវត្ថិភាពល្អ ក្រោយការចុចឆ័ត្រយោងលោតចេញពីយន្តហោះទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមអាជ្ញាធរគុយបា ក្រុមជំនាញកំពុងតែត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលស្ថិតនៅក្នុងខេត្ត អាតេមីសា (Artemisa) ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការធ្លាក់យន្តហោះអំឡុងពេលធ្វើការហាត់សមនោះ។ យ៉ាងណាក៏ដោយតំណាក់កាលដំបូងមានការសង្ស័យថា យន្តហោះចម្បាំងខាងលើនេះទំនងជាបានជួបបញ្ហាម៉ាស៊ីន។
គួរបញ្ជាក់ថា យន្តហោះចម្បាំងខាងលើនេះគឺប្រភេទ MiG 21 ផលិតដោយប្រទេសរុស្ស៊ី បានធ្លាក់កាលពីវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងឡាហាវ៉ាន់) ហើយមូលហេតុធ្លាក់ពិតប្រាកដ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕