(ហាណូយ)៖ ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង៣លានដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកក្នុងប្រទេសវៀតណាមឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ការវាយតម្លៃខាងលើធ្វើឡើងដោយសហព័ន្ធជាតិអ្នកបង់ពន្ធអាមេរិក (NTU)។ NTU បានឱ្យដឹងទៀតថា ការហោះហើររយៈពេល មួយម៉ោងនៅលើ Air Force One ត្រូវចំណាយអស់ប្រាក់១៤០,០០០ដុល្លារកាលពីឆ្នាំ២០១៧ ហើយតម្លៃនេះបូករួមបញ្ចូលទាំង ថ្លៃប្រេង ជួសជុល និងការថែទាំជាដើម។ លើសពីនេះទៅទៀត ដោយផ្អែកលើការវាយតម្លៃនេះ NTU ក៏បានអះអាងដែរថា ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយកាលពីថ្ងៃអង្គារ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង ៣លានដុល្លារ។

គួរបញ្ជាក់ថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទី កាលពីយប់ថ្ងៃអង្គារ។ លោកនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ជាលើកទី២ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែក៕