(ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mehmood Qureshi បានព្រមានថាប្រទេសរបស់លោកបានត្រៀមខ្លួន រួចជាស្រេចក្នុងការឆ្លើយតបទៅនឹងរាល់សកម្មភាពបង្ករឿងទាំងឡាយពីសំណាក់ឥណ្ឌា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងថា មហាអំណាចនុយក្លេអ៊ែរទាំង២ អាចនឹងប៉ះទង្គិចគ្នាដោយយោធា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅថ្ងៃអង្គារនេះ យន្ដហោះចម្បាំងឥណ្ឌាជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសប៉ាគីស្ថាន សំដៅបើកការវាយប្រហារតាមផ្លូវ អាកាសប្រឆាំងមូលដ្ឋានក្រុមសកម្មប្រយុទ្ធដែលខ្លួនចាត់ទុកថាជាជំរុំពួកភេរវករ។ ប៉ុន្តែ លោក Qureshi បានចោទប្រកាន់ ទីក្រុងញូដេលីថាកំពុងធ្វើសកម្មភាពបំផ្លាញដល់ស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ហើយថាទីក្រុងអ៊ីស្លាម៉ាបាតមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចាត់វិធានការឆ្លើយតបទៅនឹងសកម្មភាពរបស់ឥណ្ឌា។ លោកបន្ថែមថាការវាយប្រហាររបស់ឥណ្ឌាមិនបានបង្កជាការខូចខាត ធ្ងន់ធ្ងរអ្វីឡើយ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ ត្រូវបានសម្លាប់ក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯតំបន់កាស្មៀរពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយដែលមានមូលដ្ឋាននៅប៉ាគីស្ថាន។ ឥណ្ឌាបានចោទថាប៉ាគីស្ថានមិនបានចាត់វិធានការណាមួយប្រឆាំងនឹងក្រុមសកម្មយុទ្ធនោះទេ បើទោះជាទីក្រុងអ៊ីស្លាម៉ាបាត បដិសេធក៏ដោយ៕