(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ៕
២៖ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing កំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយអតិថិជនជាច្រើនរបស់ខ្លួន ក្នុងនោះរួមមានកងកម្លាំងទ័ពអាកាសអូស្ត្រាលី ជុំវិញការបញ្ជាទិញយន្ដហោះយោធា សម្រាប់ការបណ្ដុះបណ្ដាលកងទ័ពអាកាសធុន T-X ដែលត្រូវ បានជ្រើសរើសដោយកងទ័ពអាកាសអាមេរិក ក្រោមកិច្ចសន្យាមានតម្លៃជាទឹកប្រាក់ ៩.២ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០១៨៕
៣៖ យានអវកាសមួយគ្រឿង ដែលសូវៀតមានគោលដៅបញ្ជូនទៅកាន់ភពសុក្រ (Venus) កាលពីទសវត្សរ៍ ១៩៧០ អាចនឹងធ្លាក់ចូលក្នុងផែនដីនាឆ្នាំ២០១៩ នេះតែម្តង ប៉ុន្តែគេពុំទាន់មានការបញ្ជាក់ច្បាស់លាស់នោះឡើយ៕
៤៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានប្រកាសលាលែងចេញពីមុខតំណែងហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាស្សាដ បំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមកកាន់ទីក្រុងតេហេរ៉ង់៕
៥៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីផ្នែកសេដ្ឋកិច្ចនិងការទូត ប្រឆាំងនឹងក្រុមមន្រ្តីវេណេស៊ុយអេឡា ដែលនៅតែស្មោះស្ម័គ្រនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕
៦៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) បានប្រកាសថា លោកមានបំណងត្រឡប់ចាកចេញទៅកាន់វេណេស៊ុយអេឡាវិញក្នុងសប្តាហ៍នេះ ក្រោយការធ្វើដំណើរដោយខុសច្បាប់មកកាន់ប្រទេសកូឡុំប៊ី ខណៈដែលខ្លួនលោកជាប់បម្រាមដំណើរដែលដាក់ចេញដោយតុលាការកំពូលវេណេស៊ុយអេឡា៕