(ហាណូយ)៖ ខណៈលោក គីម ជុងអ៊ុន កំពុងស្ថិតនៅទីក្រុងហាណូយ ហើយលោក ដូណាល់ ត្រាំ នឹងមកដល់រដ្ឋធានីរបស់វៀតណាមនាយប់ថ្ងៃអង្គារនេះផងដែរនោះ គ្រប់គ្នាអន្ទះសាចង់ដឹងជាខ្លាំងថា តើជំនួបកំពូលជាថ្មីនេះ រវាងមេដឹកនាំទាំងពីរនឹងត្រូវរៀបចំឡើងនៅម៉ោងប៉ុន្មាន ឬក៏នៅកន្លែងមួយណាខ្លះឲ្យប្រាកដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
មិនដូចកាលពីអំឡុងព្រឹត្តិការណ៍ជំនួបកំពូលលើកដំបូងរវាងលោក ត្រាំ និង លោក គីម នៅឯប្រទេសសិង្ហបុរីឡើយ ដែលកាលនោះព័ត៌មានលម្អិតស្តីពីម៉ោង និងទីតាំងជាក់លាក់ សម្រាប់រៀបចំឲ្យលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជួបមុខគ្នាត្រូវបានបញ្ចេញយ៉ាងច្បាស់ៗ តាំងតែពីមុនពេលមេដឹកនាំទាំងពីរ ឈានជើងដល់ទឹកដីសិង្ហបុរីម្ល៉េះ។
សម្រាប់កិច្ចប្រជុំកំពូលលើកទីពីរនាសប្តាហ៍នេះវិញ មានត្រឹមការបញ្ជាក់ពីអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders ថា នៅល្ងាច ឬយប់ថ្ងៃពុធ លោក ត្រាំ នឹងជួបសំណេះសំណាលមួយទល់មួយ (រួមមានអ្នកបកប្រែផងដែរ) ជាមួយលោក គីម ព្រមទាំងទទួលទានអាហារជាមួយគ្នា ដែលទំនងជានឹងត្រូវចូលរួមពីបុគ្គលជំនិត ០៤នាក់ទៀត (ម្ខាង០២នាក់) ហើយមានការជួបគ្នាជាបន្តបន្ទាប់ទៀតនៅថ្ងៃព្រហស្បតិ៍។
ប៉ុន្តែពុំមានការបញ្ជាក់ថា ជំនួបខាងលើនឹងប្រព្រឹត្តនៅកន្លែងណា ឬម៉ោងប៉ុន្មានឲ្យច្បាស់ឡើយ។ បើតាមការសន្និដ្ឋានរបស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយវៀតណាម សណ្ឋាគារប្រណិតមួយឈ្មោះថា មេត្រូផូល (Metropole) និងវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម អាចជាកន្លែងដែលលោក ត្រាំ និង លោក គីម ត្រូវជួបគ្នា (មិនទាន់ច្បាស់)។
គួរជម្រាបថា ដល់ពេលនេះទៅហើយទាំងអាមេរិក កូរ៉េខាងជើង និងរដ្ឋាភិបាលវៀតណាមផ្ទាល់ បានបញ្ចេញព័ត៌មានរឹតត្បិតបំផុតជុំវិញកាលវិភាគក៏ដូចជារបៀបវារៈជាក់លាក់នៃកិច្ចប្រជុំកំពូលនេះ ដែលទំនងជាបណ្តាលមកពីក្តីព្រួយបារម្ភផ្នែកសន្តិសុខ៕