(ហាណូយ)៖ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណចំពោះប្រជាជាតិវៀតណាម សម្រាប់ការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយថាមពល ចាប់តាំងពីលោកធ្វើដំណើរពីព្រំដែនចិន-វៀតណាម រហូតមកដល់រដ្ឋធានីហាណូយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានវៀតណាម VnExpress នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រថភ្លើងបាញ់មិនធ្លុះដែលដឹកលោក គីម និងប្រតិភូកូរ៉េខាងជើងក្នុងនោះរួមមានលោក គីម យ៉ុងចុល ដែលជាអ្នកចរចាដ៏សំខាន់ម្នាក់នៅក្នុងកិច្ចពិភាក្សាជាមួយអាមេរិក និងប្អូនស្រីរបស់លោក គឺអ្នកនាង គីម យ៉ូចុង បានមកដល់ស្ថានីយ ដុងដាង (Dong Dang) នៅឯខេត្ត ឡាងសុង (Lang Song) ភាគខាងជើងវៀតណាម កាលពីវេលាម៉ោង ០៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ ក្រោយការធ្វើដំណើរដ៏ឆ្ងាយមកពីទីក្រុងព្យុងយ៉ាង។
បើតាមមន្រ្តីជាន់ខ្ពស់វៀតណាម លោក ម៉ៃ ទៀនឌុង (Mai Tien Dung) ដែលជាអ្នកទទួលស្វាគមន៍ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ នៅទីក្រុង Dong Dang លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវលើសពី ៣,០០០គីឡូម៉ែត្រ ដើម្បីមកកាន់ប្រទេសវៀតណាម ហើយខ្ញុំអរគុណដល់ប្រទេសអ្នក សម្រាប់កិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយថាមពល»។
បន្ទាប់ពីមកដល់ Dong Dang លោក គីម និងប្រតិភូកូរ៉េខាងជើងបានបន្តដំណើរតាមក្បួនរថយន្ត ក្រោមការធានាសន្តិសុខរបស់វៀតណាម ដើម្បីឆ្ពោះមកកាន់រដ្ឋធានីហាណូយ និងបានមកដល់សណ្ឋាគារលំដាប់ផ្កាយ ៥ មេលៀ (Melia) ដែលស្ថិតលើផ្លូវ លីធួងកៀត (Ly Thuong Kiet) ក្នុងសង្កាត់ ហ័នកៀម (Hoan Kiem) នាវេលាម៉ោង ១១៖០០នាទីព្រឹក។
លោក គីម ជុងអ៊ុន នឹងត្រូវជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាល្ងាចថ្ងៃពុធសប្តាហ៍នេះនៅក្នុងជំនួបមួយទល់មួយ ហើយពិសារអាហារពេលល្ងាចជាមួយគ្នា ខណៈកិច្ចប្រជុំបន្តបន្ទាប់ទៀតនឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ តែមកទល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីម៉ោង ឬទីកន្លែងជាក់លាក់សម្រាប់ព្រឹត្តិការណ៍ទាំងនេះនៅឡើយទេ។
យ៉ាងណាមិញ ក្រោយពីចូលរួមកិច្ចប្រជុំកំពូលជាមួយ លោក ត្រាំ លោក គីម នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក នៅក្នុងប្រទេសវៀតណាម ក្រោមការអញ្ជើញរបស់អគ្គលេខាធិការបក្សកុម្មុយនិស្ត និងប្រធានាធិបតីវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong)។
គួរជម្រាបថា កាលពីឆ្នាំ១៩៥៧ អតីតមេដឹកនាំវៀតណាម លោក ហូ ជីមិញ បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ហើយអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតាលោក គីម ជុងអ៊ុន ក៏បានមកបំពេញទស្សនកិច្ចចំនួន ០២លើកវិញ នៅវៀតណាមផងដែរ៕