(ហាណូយ)៖ ពុំដូចទៅនឹងប្រទេសសិង្ហបុរីដែលលោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចអំឡុងកិច្ចប្រជុំកំពូលលើកដំបូងជាមួយលោក ដូណាល់ ត្រាំ នោះឡើយវៀតណាមអាចផ្តល់គំរូម៉ូដែលជាក់ស្តែងមួយ សម្រាប់កូរ៉េខាងជើងក្នុងការធ្វើកំណែទម្រង់វិស័យសេដ្ឋកិច្ចឲ្យមានសក្តានុពលខ្លាំង និងបើកចំហកាន់តែទូលាយជាងមុន។ ប៉ុន្តែរឿងនេះអាចកើតឡើងទៅរួច លុះត្រាតែអាមេរិកយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
លោកស្រី Lami Kim អ្នកជំនាញនៃសាកលវិទ្យាល័យហុងកុង បាននិយាយថា វៀតណាមគឺជាគំរូស្តង់ដានៃការអភិវឌ្ឍ ដែលអាចទទួលបានជោគជ័យសម្រាប់កូរ៉េខាងជើង តាមរយៈការប្រើប្រាស់កម្លាំងពលកម្ម ប្រកបដោយភាពប៉ិនប្រសព្វប៉ុន្តែធូរថ្លៃ។ លោកស្រីបានបន្តដូច្នេះថា «វៀតណាម ក៏ដូចជាចិន គឺជាឧទាហរណ៍មួយដែលបបង្ហាញថា ការអភិវឌ្ឍសេដ្ឋកិច្ច ពុំបាននាំទៅរកការធ្វើសេរីភាវូបនីយកម្មនយោបាយឡើយ។ ខ្ញុំគិតថា លោក គីម ជុងអ៊ុន សង្ឃឹមថានឹងអាចជំរុញឲ្យមានការដកទណ្ឌកម្ម ដែលអនុញ្ញាតឲ្យលោកទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស»។
ដោយឡែកក្រុមអ្នកវិភាគនយោបាយការបរទេស មានការខ្វែងគំនិតគ្នាជុំវិញបញ្ហាថា តើជំនួបកំពូលលើកទីពីរនេះរវាងលោក គីម និង លោក ត្រាំ អាចទទួលបានជោគជ័យធំគួរឲ្យកត់សម្គាល់ ជាងជំនួបលើកទីមួយដែរ ឬយ៉ាងណា។ លោក Gordon Flake អ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវ Perth USAsia ប្រទេសអូស្រ្តាលី បាននិយាយថា «បញ្ហាពុំមែនមកពីកិច្ចប្រជុំនៅសិង្ហបុរី មិនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នោះឡើយ តែមកពីវាជាការដើរថយក្រោយស្ទើរតែគ្រប់ចំណុច»។
លោក Flake បានលើកឡើងថា ចំណុចទាំង ០៤ នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលនៅសិង្ហបុរី ធ្លាប់ត្រូវបានចរចាដោយការប្រុងប្រយ័ត្ន និងហ្មត់ចត់ជាខ្លាំង ប៉ុន្តែអ្វីៗហាក់ដូចជាបានដើរថយក្រោយទៅវិញនៅពេល លោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន។ តួយ៉ាងនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងភ្លាមៗក្រោយជំនួបនៅសិង្ហបុរី លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការប្រកាសថា ការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង គឺជាការបង្កហេតុ ហើយនឹងត្រូវផ្អាកជាបន្ទាន់។
លើសពីនេះទៀត លោក Flake ពុំមានក្តីរំពឹងអស្ចារ្យអ្វីសម្រាប់លទ្ធផលដែលនឹងចេញមកពីជំនួបកំពូលលើកទីពីរ នៅហាណូយនោះឡើយ ស្របពេលដែលលោក ត្រាំ បានបំផ្លាញកិច្ចប្រឹងប្រែងក្រុមអ្នកចរចារបស់លោក ជាច្រើនលើកច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
តាមរយៈការធ្វើអត្ថាធិប្បាយ និងសារបង្ហោះនៅលើបណ្តាញ Twitter លោក ត្រាំ បានថ្លែងកោតសរសើរកូរ៉េខាងជើង សម្រាប់ការមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីល និងបានបង្ហើបថា លោកប្រហែលជាបន្ទន់ឥរិយាបថនៃការទាមទាររបស់អាមេរិក ដែលចង់ឲ្យមានការរំសាយនុយក្លេអ៊ែរទាំងស្រុង មុនពេលដែលទណ្ឌកម្មណាមួយអាចត្រូវដកចេញបាន។ ម៉្យាងវិញទៀត ក៏មានការសង្ស័យផងដែរថា លោក ត្រាំ អាចយល់ព្រមចេញសេចក្តីប្រកាស ពីការបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ។
គួរបញ្ជាក់ថា ក្នុងជំនួបកំពូលនាសប្តាហ៍នេះនៅវៀតណាម ក្រុមអ្នកវិភាគបានមើលឃើញថា លោក ត្រាំ និង លោក គីម អាចនឹងព្យាយាមសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែកូរ៉េខាងជើងទំនងជានឹងមិនយល់ព្រមបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរទាំងស្រុងតែម្តងឡើយ ពោលគឺលោក គីម ប្រហែលអាចព្រមព្រៀងកម្ទេចចោលមូលដ្ឋានអភិវឌ្ឍន៍នុយក្លេអ៊ែរមួយចំនួន ជាថ្នូរនឹងការដកទណ្ឌកម្មខ្លះៗពីអាមេរិកប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មាន Sydney Morning Herald
ដកស្រង់៖ ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩