(អូស្រ្តាលី)៖ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing កំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយអតិថិជនជាច្រើនរបស់ខ្លួន ក្នុងនោះរួមមានកងកម្លាំងទ័ពអាកាសអូស្ត្រាលី ជុំវិញការបញ្ជាទិញយន្ដហោះយោធា សម្រាប់ការបណ្ដុះបណ្ដាលកងទ័ពអាកាសធុន T-X ដែលត្រូវ បានជ្រើសរើសដោយកងទ័ពអាកាសអាមេរិក ក្រោមកិច្ចសន្យាមានតម្លៃជាទឹកប្រាក់ ៩.២ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០១៨។ នេះបើ តាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ Boeing ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ថម ប្រេកខិនរីជ (Thom Breckenridge) ជាអនុប្រធានផ្នែកលក់អន្តរជាតិនៃក្រុមហ៊ុន Boeing ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន នៅអំឡុងពិធីតាំងពិព័រណ៍យន្ដហោះចម្បាំង ក្នុងប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារនេះ។ នាឱកាសនោះ លោក Breckenridge បានលើកឡើងដូច្នេះថា «យើងពិតជាកំពុងមើលឃើញយ៉ាងច្បាស់ពីភាពសមស្រប និងតម្រូវការយន្ដហោះប្រភេទ នេះនៅទូទាំងពិភពលោក... ខណៈយើងកំពុងពិភាក្សាជាមួយអតិថិជនជាច្រើនរបស់យើង ពាក់ព័ន្ធនឹងការបញ្ជាទិញយន្ដហោះ T-X នេះ»។
គួរបញ្ជាក់ថា បើតាមលោក Breckenridge អូស្ត្រាលីដែលជាអតិថិជនមួយដ៏ធំរបស់ក្រុមហ៊ុន Boeing ក៏ស្ថិតនៅក្នុងចំណោម ប្រទេសកំពុងចាប់អារម្មណទិញយន្ដហោះ សម្រាប់ការបណ្ដុះបណ្ដាលទ័ពអាកាសធុន T-X ផងដែរដើម្បីជំនួសយន្ដហោះស៊េរីចាស់ 33 BAE Systems PLC Hawk ក្នុងរយៈពេលពី ១០-១៥ឆ្នាំខាងមុខនេះ៕