(ម៉ូស្គូ)៖ ស្ថានីយទូរទស្សន៍រដ្ឋរុស្ស៊ី Russian state TV បានចេញផ្សាយនូវបញ្ជីឈ្មោះមូលដ្ឋានយោធាអាមេរិកជាច្រើន ដែលទីក្រុងម៉ូស្គួអាចនឹងបើកការវាយប្រហារនៅក្នុងករណីចាំបាច់ ហើយថាមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី នឹងប្រើពេលតែជាង ៥នាទី ប៉ុណ្ណោះដើម្បីកម្ទេចមូលដ្ឋានយោធាទាំងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងបញ្ជីឈ្មោះរបស់ Russian state TV គោលដៅដែលរុស្ស៊ីព្រមានវាយប្រហារ ក៏មានទាំងមន្ទីរបញ្ចកោណ និងមូលដ្ឋានទ័ព ខេម ដេវីដ (Camp David) ក្នុងរដ្ឋម៉ារីឡេនដ៍ (Maryland) ផងដែរ។ បន្ថែមពីលើនេះ ការចេញបញ្ជីឈ្មោះនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីចុងសប្ដាហ៍កន្លងបានព្រមានថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួមរួចជា ស្រេចត្រឡប់ទៅរកសម័យវិបត្តិមីស៊ីលនៅគុយបាវិញ ហើយថានឹងវាយប្រហារលើសហរដ្ឋអាមេរិកតែម្ដងបើសិនជា ទីក្រុងវ៉ាស៊ីនតោនហ៊ានដាក់ពង្រាយមីស៊ីលជាថ្មីនៅលើទ្វីបអឺរ៉ុប។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផ្ទុះឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយទីក្រុងម៉ូស្គូ បើទោះជាទីក្រុងវ៉ាស៊ីនតោនអះអាងថា គ្មានគម្រោងដាក់ពង្រាយមីស៊ីល នៅលើទ្វីបអឺរ៉ុបក្រោយដកខ្លួនពីសន្ធិសញ្ញានេះ ដែលមហាអំណាចទាំង ២ បានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ចេញអាវុធទំនើបៗថ្មីៗ ដែលមិនធ្លាប់មានពីមុនមក ជាពិសេសគឺប្រភេទអាវុធមីស៊ីលនេះតែម្តង៕