(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកថា កំពុងតែប្រឌិតឡើងនូវរូបភាពស្តីពីវិបត្តិក្នុងប្រទេសវេណេស៊ុយអេឡា ក្រោមគោលដៅព្យាយាមបំផ្ទុះសង្រ្គាមនៅតំបន់អាមេរិកឡាទីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក ABC News នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ ABC News ចេញពីវិមានប្រធានាធិបតីនៅឯរដ្ឋធានីការ៉ាកាស់ លោក ម៉ាឌូរ៉ូ បាននិយាយយ៉ាងដូច្នេះថា «អាមេរិកកំពុងព្យាយាមប្រឌិតឡើងនូវបញ្ហាវិបត្តិដ៏ធ្ងន់ធ្ងរមួយ ដើម្បីជាលេសសម្រាប់ការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា ហើយនាំយកសង្រ្គាមមកកាន់តំបន់អាមេរិកខាងត្បូង ប៉ុន្តែអ្វីដែលពួកគេចង់ធ្វើនឹងមិនទទួលជោគជ័យឡើយ»។
គួរជម្រាបថា នៅក្នុងអំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រទេសអាមេរិកឡាទីន Lima Group ដែលមានការចូលរួមពីសំណាក់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ផងដែរនោះ នៅឯរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី នាថ្ងៃចន្ទដើមសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pence) បានប្រកាសផ្តល់ជំនួយមនុស្សធម៌ទំហំ ៥៦លានដុល្លារដល់វេណេស៊ុយអេឡា។
ប៉ុន្តែស្របពេលជាមួយគ្នា លោកក៏បានប្រកាសពីការដាក់ទណ្ឌកម្មកាន់តែធ្ងន់ និងបានអំពាវនាវឲ្យដៃគូអាមេរិកនៅក្នុងតំបន់រួមគ្នា ជួយខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ទៅវិញ ក្រោយពីអាជ្ញាធរវេណេស៊ុយអេឡាបានរារាំងមិនឲ្យជំនួយមនុស្សពីកូឡុំប៊ី និងប្រេស៊ីលចូលទៅកាន់វេណេស៊ុយអេឡា។
ជុំវិញកិច្ចប្រជុំនៅ Bogota លោក ម៉ាឌូរ៉ូ បានថ្កោលទោសទៅលើនយោបាយសំដៅប៉ុនប៉ងបង្កើតរដ្ឋាភិបាលពីរនៅក្នុងប្រទេសរបស់លោក។ ទាក់ទិននឹងបញ្ហាលោក Guaido វិញ នៅពេលសួរថា តើលោកនឹងអនុញ្ញាតឲ្យមេបក្សប្រឆាំងរូបនេះចូលក្នុងប្រទេសវិញដែរ ឬក៏អត់នោះ លោក ម៉ាឌូរ៉ូ បានឆ្លើយតបវិញដូច្នេះថា «លោក Guaido ត្រូវតែគោរពច្បាប់។ លោកអាចចាកចេញហើយមកវិញបាន តែត្រូវប្រឈមមុខជាមួយប្រព័ន្ធយុត្តិធម៌ ព្រោះប្រព័ន្ធយុត្តិធម៌បានហាមឃាត់ មិនឲ្យលោកចាកចេញពីប្រទេសឡើយ»៕