(ម៉ូស្គូ)៖ យានអវកាសមួយគ្រឿង ដែលសូវៀតមានគោលដៅបញ្ជូនទៅកាន់ភពសុក្រ (Venus) កាលពីទសវត្សរ៍ ១៩៧០ អាចនឹងធ្លាក់ចូលក្នុងផែនដីនាឆ្នាំ២០១៩ នេះតែម្តង ប៉ុន្តែគេពុំទាន់មានការបញ្ជាក់ច្បាស់លាស់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មានអវកាស Space នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីអំឡុងការរត់ប្រណាំងវិស័យអវកាស នៃសម័យសង្រ្គាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក សូវៀតបានបាញ់បញ្ជូនយានអវកាសមួយគ្រឿងមានឈ្មោះថា Cosmos 482 ដើម្បឆ្ពោះទៅកាន់ភពសុក្រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧២ ប៉ុន្តែយាននេះបានជួបបញ្ហាផ្នែកម៉ាស៊ីនរ៉ុក្កែត ដែលធ្វើឲ្យវាមិនអាចចេញផុតពីគន្លងកម្រិតទាបរបស់ផែនដី ហើយក៏នៅជាប់ក្នុងគន្លងនៃភពរបស់យើង រហូតមកដល់សព្វថ្ងៃ។
គួរជម្រាបថា បើតាមការទស្សទាយរបស់ក្រុមអ្នកជំនាញ ឆាប់បំផុតគឺខ្មោចយានអវកាស Cosmos 482 អាចនឹងធ្លាក់ចូលមកក្នុងបរិយាកាសផែនដីនៅចុងឆ្នាំនេះ ឬក៏ពាក់កណ្តាលឆ្នាំក្រោយ។ យាននេះមានទម្ងន់សរុប ១,១៨០គីឡូក្រាម ដែលអាចធ្លាក់ចូលទៅក្នុងមហាសមុទ្រជាជាងលើដី ហើយបំណែករបស់វាជាច្រើនត្រូវបានគេរំពឹងថា មិនងាយនឹងឆេះរលាយក្នុងបរិយាកាស ដូចយានមួយចំនួននោះឡើយ ព្រោះវាជាយានពិសេស ដែលប្រើសម្រាប់ស្រាវជ្រាវភពសុក្រ៕