(វ៉ាស៊ីនតោន)​៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នឹងជួបមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នាល្ងាចថ្ងៃពុធ​​​ស្អែក​នេះតែម្តង ក្រោយពីមេដឹកនាំ​កំពូល​ទាំងពីររូប​បានមកដល់ទឹកដី​ប្រទេសវៀតណាម ដើម្បី​បើកកិច្ច​ជំនួបកំពូល​លើកទីពីរ ដែល​អន្តរជាតិកំពុងតែ​ចាប់អារម្មណ៍​ខ្លាំងបំផុត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​​ថ្ងៃ​អង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមអ្នក​នាំពាក្យសេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) ដែលបានបញ្ជាក់​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ នៅលើយន្តហោះ Air Force One ដែលលោកប្រធានាធិបតីអាមេរិក​កំពុងជិះធ្វើដំណើរ​ ទៅកាន់រដ្ឋធានីហាណូយ​របស់​វៀតណាម លោក ត្រាំ នឹង​ជួបមុខគ្នា​មួយទល់មួយ​ជាមួយ លោក គីម នាវេលាល្ងាច​ថ្ងៃពុធ ខណៈនា​ពេលព្រឹកលោកនឹង​ជួយមេដឹកនាំ​កំពូលៗវៀតណាម។ រី​​កិច្ច​ប្រជុំបន្តបន្ទាប់​ទៀតជាមួយ លោក គីម ជុងអ៊ុន នឹងប្រព្រឹត្ត​ទៅនៅនាថ្ងៃព្រហស្បតិ៍។

គួរជម្រាបថា ខណៈនេះ​លោក គីម បានទៅដល់ស្ថានីយ​រដ្ឋភ្លើងនៃទីក្រុង ដុងដាង (Dong Dang) ដែលនៅជាប់ព្រំប្រទល់​​វៀតណាម​-ចិន​​ហើយ និងកំពុងជិះរថយន្ត​បន្តឆ្ពោះទៅកាន់​ទីក្រុងហាណូយ ក្នុងចម្ងាយផ្លូវជិត ១៧០គីឡូម៉ែត្រ។ ចំណែក​លោក ត្រាំ វិញ​ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសវៀតណាមនៅល្ងាច ឬក៏យប់ថ្ងៃអង្គារនេះ៕