(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានប្រកាសលាលែងចេញពី​មុខតំណែងហើយ នៅ​ថ្ងៃចន្ទសប្ដាហ៍នេះ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់អាស្សាដ បំពេញដំណើរទស្សនកិច្ច​ដ៏ភ្ញាក់​ផ្អើលមកកាន់​ទីក្រុងតេហេរ៉ង់។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកាសលាលែង​ពីតំណែងរបស់​លោក Zarif ធ្វើឡើងនៅលើសារ​មួយបង្ហោះតាម Instagram។ នៅក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមទោសដែលខ្ញុំមិនមានសមត្ថភាពបន្តកាន់តំណែងតទៅទៀត ហើយ​ខ្ញុំក៏សូមទោស​ផងដែរចំពោះកំហុស​ឆ្គងមួយចំនួន​ នៅអំឡុងពេល​បំពេញភារកិច្ច... ប៉ុន្តែខ្ញុំនៅតែ​សូមអរគុណ និងគោរព​ដល់ក្រុមការ ងារសម្រាប់ការ​គំាទ្រមកលើរូបខ្ញុំ​ក្នុងរយៈពេលជាង ៦៧ខែមកនេះ»។ តែទោះជា​យ៉ាងនេះក្ដី ការលែងតំណែង​របស់លោក Zarif មិនទាន់ទទួល​ស្គាល់ជាផ្លូវការនៅឡើយ​ទេ ពីសំណាក់ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាហ្សាន រួហានី។

គួរបញ្ជាក់ថា ការប្រកាសលាលែង​ចេញពីតំណែងរបស់​លោក Mohammad Javad Zarif កើតមានឡើងតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់អាសាដ បំពេញដំណើរទស្សនកិច្ច​ដ៏ភ្ញាក់​ផ្អើលមកកាន់ទីក្រុង​តេហេរ៉ង់។ ចំណែកឯ សារព័ត៌មាន​អ៊ីរ៉ង់ ISNA ក៏បានរាយការណ៍ដែរថា រដ្ឋមន្ត្រីការបរទេសរូបនេះ មិនបានចូលរួមក្នុង​ជំនួបប្រជុំ​របស់លោក អាសាដ ជាមួយមេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាម៉េណៃ (Ayatollah Ali Khamanei) និង​លោក Rouhani នោះឡើយ៕