(បូហ្គោតា)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីផ្នែកសេដ្ឋកិច្ចនិងការទូត ប្រឆាំងនឹងក្រុមមន្រ្តីវេណេស៊ុយអេឡា ដែលនៅតែស្មោះស្ម័គ្រនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងអំឡុងកិច្ចប្រជុំមួយនៃក្រុមប្រទេសអាមេរិកឡាទីនដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន លោក Pence បាននិយាយថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើអភិបាលចំនួន០៤រូបនៃប្រទេសវេណេស៊ុយអេឡា សម្រាប់គោលជំហរគាំទ្ររដ្ឋាភិបាលរបស់ពួកគេ។ ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានចោទប្រកាន់ក្រុមអភិបាលទាំងនេះថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងក្នុងការរារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ដ៏សំខាន់។
គួរជម្រាបថា បើតាមលោក Pence ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតនឹងត្រូវដាក់ចេញ ហើយលោកបានអំពាវនាវដល់បណ្តាដៃគូអាមេរិកនៅក្នុងតំបន់ ឲ្យជួយខ្ទប់ដណ្ហើមសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា តាមរយៈការបង្កកនិងរារាំងទ្រព្យសម្បត្តិនានាដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA៕