​(ហាណូយ)៖ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាមមានព្រំប្រទល់ជាប់ជាមួយចិន នៅព្រឹកមិញនេះ បន្ទាប់ពីជិះរថភ្លើងក្នុងចំងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ ហើយលោកនឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុង ហាណូយក្នុងចំងាយផ្លូវ១៧០គីឡូម៉ែត្រ ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕