(ហាណូយ)៖ ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ត្រូវបានគេរកឃើញ នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Haiphong ភាគខាងជើង ប្រទេសវៀតណាម ដោយនេះគឺជាខេត្តទីបីហើយនៅវៀតណាម ដែលបានរងការវាយប្រហារ ដោយវីរ៉ុសនេះ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកុម្ភៈនេះ។
សត្វជ្រូកជាច្រើនក្បាល បានគេប្រទះឃើញស្លាប់ នៅឯកសិដ្ឋាន ហើយ៥ក្បាលទៀត ត្រូវបានគេពិនិត្យឃើញថា មានជំងឺដែលឆ្លងកម្រិតខ្ពស់នេះ។
ក្រុមអាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុនបានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ត្រូវបានគេរកឃើញ នៅកសិដ្ឋានចំនួន៣ ស្ថិតក្នុងខេត្ត Thai Binh និងខេត្ត Hung Yen ដោយនោះជាករណីដំបូង ដែលត្រូវបានបញ្ជាក់ថា បានកើតមានក្នុងប្រទេសវៀតណាម។ ក្រុមអាជ្ញាធរ បានប្រមូលមករក្សាទុក នូវសត្វជ្រូកទាំងអស់ នៅឯកសិដ្ឋានក្នុងទីក្រុង Haiphong។
ជំងឺគ្រុនផ្តាសាយជ្រូក នៅទ្វីបអាហ្រ្វិក ដែលមិនអាចព្យាបាលបានសម្រាប់សត្វជ្រូក ប៉ុន្តែមិនមានការអន្តរាយដល់មនុស្សនេះ បានរីករាលដាលយ៉ាងខ្លាំង នៅទូទាំងប្រទេសចិន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដោយបានប៉ះពាល់ដល់២៥ខេត្ត និងតំបន់។
សាច់ជ្រូក មានចំនួនប្រមាណ៣ភាគបួន នៃសាច់សរុបដែលទទួលទាន នៅវៀតណាម។ ប្រទេសដែលមានប្រជាជន ប្រមាណ៩៥លាននាក់នេះ ជាទីកន្លែងដែលសត្វជ្រូក ប្រមាណ៣០លានក្បាល ត្រូវបានចិញ្ចឹម ដើម្បីប្រើប្រាស់នៅក្នុងស្រុក៕