(វ៉ាស៊ីនតោន)៖ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកជុំទី៧បានបិទបញ្ចប់នៅក្រុងវ៉ាស៊ីនតោនកាលពីថៃ្ងទី២៤ ខែកុម្ភៈ។ បន្ទាប់ពីធ្វើការពិគ្រោះពិភាក្សារយៈពេល ៤ថ្ងៃ ភាគីទាំងពីរបានអនុវត្តបន្ថែមទៀតនូវគំនិតឯកភាពគ្នាដ៏សំខាន់ដែលបានឈានដល់ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរអំឡុងនៃជំនួបសន្ទនានៅប្រទេសអាហ្សង់ទីន ហើយបានទទួលវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើបញ្ហាជាក់លាក់ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា ការការពារកម្មសិទ្ធិបញ្ញា វិស័យសេវាកម្ម កសិកម្មនិងអត្រាប្តូរប្រាក់ជាដើម។ ស្របពេលជាមួយគ្នានេះ លោកត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសនៅលើ Twitter ថា លោកនឹងពន្យារផែនការស្តីពីការដំឡើងពន្ធគយទៅលើផលិតផលនាំចេញពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១ ខែមីនា។
ជាក់ស្តែង កិច្ចពិគ្រោះពិភាក្សាវគ្គនេះបានបោះជំហានដ៏សំខាន់ទៅមុខទៀតក្នុងការជំរុញឲ្យចិននិងអាមេរិកដោះស្រាយបញ្ហាវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក្នុងកិច្ចពិគ្រោះពិភាក្សាវគ្គមុន ភាគីទាំងពីរបានឈានដល់មតិឯកភាពគ្នាជាគោលការណ៍លើបញ្ហាសំខាន់ៗ ព្រមទាំងបានពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ រីឯក្នុងកិច្ចពិគ្រោះពិភាក្សាវគ្គនេះ ភាគីទាំងពីរទទួលបានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើបញ្ហាជាក់ស្តែង។
អាចនិយាយថា វឌ្ឍនភាពនៃកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺមិនអាចឃ្លាតពីកិច្ចខំប្រឹងប្រែងរបស់ភាគីទាំងពីរដើម្បីពង្រីកផលប្រយោជន៍រួមនោះទេ។ លទ្ធផលនៃកិច្ចពិភាក្សាវគ្គនេះផ្តោតសំខាន់ទៅលើតុល្យភាពនៃពាណិជ្ជកម្មនិងបញ្ហាអំពីរចនាសម្ព័ន្ធ។ ក្នុងនោះអំពីបញ្ហាតុល្យភាពនៃពាណិជ្ជកម្ម ប្រទេសចិនបានបង្កើនការនាំចូលផលិតផលកសិកម្ម ថាមពលនិងសេវាកម្មជាដើមពីសហរដ្ឋអាមេរិក ធ្វើយ៉ាងនេះមិនត្រឹមតែបានជួយដោះស្រាយការព្រួយបារម្ភរបស់អាមេរិកចំពោះតុល្យភាពនៃពាណិជ្ជកម្មរវាងចិននិងអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបំពេញសេចក្តីត្រូវការរបស់ប្រជាជនចិនឲ្យមានជីវភាពល្អប្រសើរនិងជំរុញការកែលម្អរចនាសម្ព័ន្ធនៃឧស្សាហកម្មក្នុងប្រទេសចិនផងដែរ។
អំពីបញ្ហារចនាសម្ព័ន្ធនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិក ក្រៅពីផលប្រយោជន៍ មនោគមវិជ្ជានិងសន្តិសុខជាតិចិន សហរដ្ឋអាមេរិកមានការទាមទារជាច្រើន ហើយការទាមទារទាំងនោះគឺមានទិសដៅដូចគ្នានឹងការធ្វើឲ្យកំណែទម្រង់របស់ប្រទេសចិនមានភាពកាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយនិងសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់។ ការការពារកម្មសិទ្ធិបញ្ញាជាឧទាហរណ៍មួយ គឺនៅប៉ុន្មានឆ្នាំកន្លងទៅនេះ ខ្លឹមសារស្តីពីការការពារកម្មសិទ្ធិបញ្ញាត្រូវបានដាក់ចូលក្នុងបញ្ជីលទ្ធផលនៃកិច្ចសន្ទនារវាងចិននិងអាមេរិកជាច្រើនលើក។ កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកលើកនេះបានទទួលការវិវឌ្ឍជាក់ស្តែងលើបញ្ហានេះ ហើយបានឆ្លុះបង្ហាញនូវការទាមទារដូចគ្នា ក៏ដូចជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។
ក្នុងកិច្ចពិគ្រោះពិភាក្សាវគ្គនេះ ភាគីទាំងពីរនៅបានកំណត់ថាធ្វើតាមការណែនាំរបស់ប្រមុខរដ្ឋប្រទេសទាំងពីរដើម្បីធ្វើការងារជំហានបន្ទាប់ឲ្យបានល្អ។ ការនេះបង្ហាញឲ្យដឹងថា ប្រមុខរដ្ឋប្រទេសទាំងពីរបានដើរតួនាទីដឹកនាំដ៏សំខាន់ជានិច្ចក្នុងការដោះស្រាយបញ្ហាវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយសមរម្យ ហើយរបៀបដើម្បីអនុវត្តមតិឯកភាពគ្នាដ៏សំខាន់ដែលប្រមុខរដ្ឋប្រទេសទាំងពីរបានឈានដល់គឺអាស្រ័យលើប្រាជ្ញានិងបទពិសោធន៍របស់ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃភាគីទាំងពីរ។
សម្រាប់ភាគីចិនវិញ នឹងបន្តធ្វើការងារឲ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តកិច្ចពិគ្រោះពិភាក្សានៅជំហានបន្ទាប់ដោយភាពស្មោះត្រង់បំផុត។ ភាគីចិនសង្ឃឹមថាភាគីអាមេរិកក៏នឹងបន្តបោះជំហានក្នុងទិសដៅដូចគ្នាតទៅទៀតនិងខិតខំរួមគ្នាដើម្បីពង្រីកផលប្រយោជន៍ជាមួយគ្នា។ ស្របពេលជាមួយគ្នានេះ ចិននឹងបន្តបំពេញភារកិច្ចរបស់ខ្លួនតាមទិសដៅដែលបានកំណត់រួចជាស្រេច ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់និងបើកទូលាយ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនៃសភាពការណ៍ខាងក្រៅ៕