(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃចន្ទនេះ បានផ្ញើសារជូនពរឲ្យកិច្ចប្រជុំកំពូលលើកទីពីរ រវាងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រព្រឹត្តទៅដោយទទួលជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House ថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយបណ្តាមន្រ្តីជាន់ខ្ពស់របស់លោក លោក មូន បាននិយាយយ៉ាងដូច្នេះថា «ជាការសម្តែងនូវការគាំទ្ររបស់យើងដល់មេដឹកនាំទាំងពីរ ពួកយើងជូនពរឲ្យកិច្ចប្រជុំកំពូលនាសប្តាហ៍នេះ ទទួលបានជោគជ័យ»។ នាឱកាសនោះ លោក មូន បានសរសើរលោក ត្រាំ សម្រាប់កិច្ចប្រឹងប្រែងផ្នែកការទូតរបស់លោក ដែលសំដៅស្វែងរកសុខសន្តិភាពនៅឧបទ្វីបកូរ៉េ និងសាទរលោក គីម សម្រាប់ការប្តេជ្ញារបស់លោក ក្នុងការដឹកនាំកូរ៉េខាងជើងឆ្ពោះទៅរកអនាគតភ្លឺស្វាងមួយ។
លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបន្តថា «ភាពជោគជ័យនៃកិច្ចប្រជុំកំពូល គីម-ត្រាំ នឹងដើរតួនាទីជាឱកាសដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការដោះស្រាយការគំរាមកំហែងនៃសង្រ្គាម និងបញ្ហាផ្នែកសន្តិសុខឯទៀតៗនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងអាចឲ្យយើងបោះជំហានទៅរកយុគសម័យនៃសេដ្ឋកិច្ចជឿនលឿនដែលរុញច្រានដោយសន្តិភាព»។
គួរជម្រាបថា កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និង លោក គីម នឹងត្រូវរៀបចំឡើងពីថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈនេះ នៅឯទីក្រុងហាណូយ ដែលកំពុងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំ ខណៈមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងទៅដល់រដ្ឋធានីនៃប្រទេសវៀតណាមនៅថ្ងៃអង្គារ៕