(ហាណូយ)៖ ប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xun Phuc នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្រុងហាណូយនាថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃចន្ទនេះ លោក ដូណាល់ ត្រាំ នឹងត្រូវមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នាថ្ងៃអង្គារ។ ប៉ុន្តែដំណើរមកកាន់ប្រទេសវៀតណាមរបស់ លោក ត្រាំ ពុំមែនជាទស្សនកិច្ចផ្លូវការឡើយ គឺលោក ត្រូវមកចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យ៉ាងណាមិញ លោក ត្រាំ នឹងមានជំនួបក្រៅផ្លូវការជាមួយមេដឹកនាំវៀតណាមទាំងពីររូប ដើម្បីជជែកពីទំនាក់ទំនងទ្វេភាគីអាមេរិក-វៀតណាម។
គួរជម្រាបថា កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ត្រាំ និង លោក គីម នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈនេះ នៅក្នុងទីក្រុងហាណូយ ដែលកំពុងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំ៕