(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Marco Rubio បានបង្ហោះរូបថតពីរសន្លឹករបស់ អតីតមេដឹកនាំលីប៊ី លោក មូម៉ា កាដាហ្វី (Muammar Gaddafi) ដោយមួយសន្លឹកបង្ហាញកាលលោកនៅកាន់អំណាច និងមួយ សន្លឹកទៀតកាលលោកត្រូវបានគេបាញ់សម្លាប់ប្រឡាក់សុទ្ធតែឈាមពេញមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គ្រាន់តែរូបថតលោក កាដាហ្វីពីរសន្លឹកត្រូវបានបង្ហោះនៅលើ Twitter របស់លោក Rubio ភ្លាមៗ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមមួយនេះបានចាត់ទុកថានេះគឺជាសារព្រមានមួយរបស់សហរដ្ឋអាមេរិក ផ្ញើជូនប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្រមានជាច្រើនលើកថាខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយ ទាំងអស់ក្នុងនោះរួមមានទាំងកម្លាំងយោធា ដើម្បីប្រឆាំងនឹងជនទាំងឡាយណា រួមទាំងលោក ម៉ាឌូរ៉ូ បើសិនជាហ៊ានធ្វើបាបមេបក្ស ប្រឆាំងវេណេស៊ុយអេឡា ឬក៏បំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។
គួរបញ្ជាក់ថា ការបង្ហោះសាររបស់លោក Marco Rubio កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) កើតមានឡើងចំពេលមានសេចក្ដី រាយការណ៍ថាអនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងប្រកាសពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះរដ្ឋាភិបាលទីក្រុង ការ៉ាកាស់ នាឱកាសដែលលោកចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំនៅក្នុងតំបន់នៅទីក្រុង Bogota ប្រទេសកូឡុំប៊ី នៅថ្ងៃចន្ទ សប្ដាហ៍នេះ៕