Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍ UN៖ ឆ្នាំ២០១៨ មានជនស៊ីវិលអាហ្វហ្គានីស្ថានស្លាប់ច្រើនបំផុតជិត៤ពាន់នាក់ ដោយសារការវាយប្រហារ​​របស់ក្រុមឧទ្ទាមនិង​ភេរវករ ព្រមទាំងប្រតិបតិ្តការ​ផ្លូវអាកាសរបស់យោធា

25-02-2019 15:34

(កាប៊ុល)៖ សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានផ្តាច់ជីវិត​មនុស្សជិត៤,០០០នាក់កាលពីឆ្នាំមុន ក្នុងនោះភាគច្រើន​ជា​ស្រ្តីនិងកុមារ ដែលជាហេតុធ្វើឲ្យឆ្នាំ២០១៨ ជាឆ្នាំមានជនស្លូតត្រង់ស្លាប់ច្រើនបំផុត គិតចាប់តាំងតែពីអង្គការសហប្រជាជាតិ (UN) បានចាប់ផ្តើមតាមដានកត់ត្រានូវតួលេខនេះកាលពីមួយទសវត្សរ៍មុន។ នេះបើតាមរបាយការណ៍ UNAMA របស់ UN ដកស្រង់ការផ្សាយដោយសារព័ត៌មាន The New York Times នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ UNAMA ដែលចេញកាលពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ៦៣ភាគរយនៃ​ចំនួនជនស៊ីវិលដែលបាត់បង់ជីវិត គឺបង្កឡើងជាចម្បងដោយសារតែ​សកម្មភាពនៃ​ក្រុមឧទ្ទាមតាលីបង់និងក្រុមភេរវករ ISIS ហើយ២៤ភាគរយ ដោយសារកងកម្លាំងអាហ្វហ្គានីស្ថាននិងក្រុមយោធាអន្តរជាតិដឹកនាំដោយអាមេរិក​ព្រមទាំង​ក្រុមប្រដាប់​អាវុធគាំទ្ររដ្ឋាភិបាល ខណៈចំណែកបន្ទុក​ដែលនៅសល់ គឺពុំត្រូវបានបញ្ជាក់ឡើយ។

គួរជម្រាបថា បើតាមរបាយការណ៍ខាងលើ កត្តាចូលរួមចំណែកសំខាន់ៗនៅក្នុងការកើនឡើងនៃចំនួនមនុស្សស្លាប់នេះ គឺការ​កើនឡើងនៃសកម្មភាពវាយប្រហារ​ដោយអត្តឃាតពីសំណាក់ក្រុមឧទ្ទាមនិងក្រុមភេរវករ ព្រមទាំងការធ្វើប្រតិបត្តិការតាមផ្លូវ​អាកាសរបស់យោធា។ ក្រៅពីតួលេខអ្នកស្លាប់៣,៨០៤នាក់ ក្នុងនោះមានកុមារ៩២៧នាក់ នៅឆ្នាំ២០១៨ ជនស្លូតត្រង់​​ចំនួន​៧,១៨៩នាក់ក៏បានទទួលរងរបួសផងដែរ។ ចំនួនអ្នកស្លាប់នេះ គឺច្រើនបំផុត ចាប់តាំងពី UN បានចេញរបាយការណ៍ UNAMA ជាលើកដំបូងនៅឆ្នាំ២០០៩៕