(ញូដេលី)៖ ខណៈភាពតានតឹងបានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំង ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យនៅក្នុងផ្នែកនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា មនុស្សភាគច្រើនមានក្តីព្រួយបារម្ភខ្ពស់ថា សង្រ្គាមរវាងប្រទេសទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃរៀងៗខ្លួននេះ អាចនឹងផ្ទុះឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today នៅរសៀលថ្ងៃ ចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមអតីតមេដឹកនាំឥណ្ឌានិងប៉ាគីស្ថាន ទោះជាយ៉ាងណាក្តី សង្គ្រាមរវាងមហាអំណាចនុយក្លេអ៊ែរទាំងពី ទំនងជានឹងមិនអាចកើតឡើងឡើយ។ កាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក Manmohan Singh បានបញ្ជាក់ថា ការខិតខំប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនៃប្រទេសរបស់លោក គឺមិនមែនដើម្បីទុកយកទៅវាយប្រហារប្រទេសណាមួយនោះទេ ប៉ុន្តែទុកធ្វើជារបស់ការពារកុំឲ្យប្រទេសដទៃទៀតវាយប្រហារមកលើខ្លួនទៅវិញទេ។
សម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដវិញ លោក Pervez Musharraf ដែលជាអតីតប្រធានាធិបតីប៉ាគីស្ថាន បានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រកន្លងទៅថា ប៉ាគីស្ថាននឹងគ្មានថ្ងៃវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួនឡើយ ពីព្រោះថាទង្វើបែបនេះ នឹងបង្កឲ្យមានសកម្មភាពឆ្លើយតបយ៉ាងចាស់ដៃភ្លាមៗពីប្រទេសឥណ្ឌា។
លោក Musharraf បាននិយាយដូច្នេះថា «វានឹងពុំមានសង្រ្គាមនុយក្លេអ៊ែរនោះទេ ព្រោះថាបើយើងបើគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់លើឥណ្ឌា ឥណ្ឌាអាចកម្ទេចយើងតាមរយៈការប្រើប្រាស់នុយក្លេអ៊ែរ២០គ្រាប់។ ដូច្នេះហេតុដែលជាដំណោះស្រាយគឺពួកយើងគួរបើកការវាយប្រហារដោយប្រើគ្រាប់បែកនុយក្លេអ៊ែរ៥០គ្រាប់តែម្តង ដើម្បីកុំឲ្យពួកគេតបតមកវិញបាន ក៏ប៉ុន្តែអ្វីដែលសំខាន់នោះតើយើងត្រៀមខ្លួនហើយឬនៅ ក្នុងការវាយសង្រ្គប់ដោយប្រើនុយក្លេអ៊ែរម្តង៥០គ្រាប់»។
គួរជម្រាបថា ទីក្រុងញូដេលី បានដាក់ពង្រាយទ័ពប្រមាណ១០,០០០នាក់បន្ថែម ទៅកាន់តំបន់វិវាទកាស្មៀរ ក្រោយមានករណីបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់ឥណ្ឌានៅទីនោះចំនួន៤០នាក់ស្លាប់។ ជុំវិញករណីវាយប្រហារនេះ ក្រុមបណ្តាញភេរវករ Jaish-e-Muhammad ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន ខណៈប៉ាគីស្ថានផ្ទាល់បានច្រានចោលរាល់ការចោទប្រកាន់ដែលថា ខ្លួនមានពាក់ព័ន្ធក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកដ៏អាក្រក់នេះ និងបានព្រមានសងសឹក បើឥណ្ឌាសម្រេចវាយប្រហារមកលើខ្លួន៕