(ដាកា)៖ បុរសជនជាតិបង់ក្លាដែសម្នាក់ដែលត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេព្យាយាមប្លន់យន្ដហោះមួយគ្រឿងកាលពីថ្ងៃអាទិត្យ ម្សិលមិញគឺមានតែកាំភ្លើងជ័រនៅក្នុងដៃ និងមិនមានគ្រាប់បែកនៅលើខ្លួនឡើយ។ នេះបើតាមប៉ូលិសបង់ក្លាដែស ដកស្រង់ ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់សារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ ស្នងការប៉ូលិសប្រចាំទីក្រុង Chittagong ស្ថិតនៅអាគ្នេយ៍នៃប្រទេស លោក Kusum Dewan ឱ្យដឹងដូច្នេះថា៖ «កាំភ្លើងដែលជនសង្ស័យកាន់នៅក្នុងដៃគឺគ្រាន់តែជាកាំភ្លើងជ័រ ហើយគាត់ក៏ពុំមានគ្រាប់បែកនៅលើខ្លួនដែរ...គាត់ហាក់ដូចជាបញ្ហាផ្លូវចិត្ត ពីព្រោះយើងបានដឹងថាគាត់មានបញ្ហាគ្រួសារជាមួយភរិយារបស់គាត់ មិនតែប៉ុណ្ណោះ គាត់ថែមទាំងចង់និយាយដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីទៀតផង។ ប៉ុន្តែយើងនៅតែបន្តការស៊ើបអង្កេតនៅឡើយ ហើយក៏មិន ចង់ធ្វើការសន្និដ្ឋានណាមួយនៅពេលនេះដែរ»។
គួរបញ្ជាក់ថា ជើងហោះហើរលេខ BG 147 ជាកម្មសិទ្ធិរបស់អាកាសចរណ៍បង់ក្លាដែស Biman ដែលគ្រោងហោះហើរពីរដ្ឋធានីដាកា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់នៅទីក្រុង Chittagong នៃប្រទេសបង់ក្លាដែសវិញ បន្ទាប់ពីកើតមានករណីអ្នកដំណើរម្នាក់ប៉ុនប៉ងប្លន់យន្តហោះខាងលើនេះ៕