(ហាណូយ)៖ បុរសដែលតុបតែងខ្លួនជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងនាថ្ងៃចន្ទនេះថា រូបលោកត្រូវបានអាជ្ញាធរវៀតណាមបណ្តេញចេញពីប្រទេសអាស៊ាននេះហើយ មុនការមកដល់របស់លោក គីម ដែលនឹងត្រូវបើកជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បុរសខាងលើមានឈ្មោះថា Howard X ដែលមានដើមកំណើតមកពីទីក្រុងហុងកុង និងមានអាជីពជាអ្នកកំប្លែងអូស្រ្តាលី បានបង្ហាញខ្លួននៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយដៃគូរបស់លោកម្នាក់ទៀត ដែលបានតែងខ្លួនដូចជាលោក ដូណាល់ ត្រាំ ហើយអ្នកទាំងពីរបានបង្កភាពទាក់ទាញជាខ្លាំង។ ការបង្ហាញខ្លួនរបស់បុរសទាំងពីរនាក់នេះ កើតមានឡើង ស្របពេលដែលមេដឹកនាំពិតប្រាកដរបស់អាមេរិកនិងកូរ៉េខាងជើង ត្រូវជួបមុខគ្នាជាថ្មីម្តងទៀតនៅក្រុងហាណូយ នាថ្ងៃពុធនិងព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបន្តពិភាក្សាពីបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
គួរជម្រាបថា លោក Howard X ក៏ធ្លាប់បានទៅសិង្ហបុរីកាលពីខែមិថុនា ឆ្នាំមុនដែរ នៅពេលលោក ត្រាំ និង លោក គីម បានបើកកិច្ចប្រជុំកំពូលលើកទីមួយ។ រីឯក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានបញ្ជូនប្រតិភូរបស់ខ្លួនឲ្យមកចូលរួមនោះ ក៏មានមុខរបស់លោក Howard X ដូចគ្នា។
ដោយឡែក ខណៈនេះ លោក គីម ជុងអ៊ុន មែនទែន កំពុងតែធ្វើដំណើរតាមរថភ្លើងកាត់ប្រទេសចិន ដើម្បីឆ្ពោះមកកាន់ក្រុងហាណូយ បន្ទាប់ពីលោកបានចាកចេញពីរដ្ឋធានីព្យុងយ៉ាង កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ខណៈលោក ត្រាំ នឹងត្រូវឡើងយន្តហោះចេញមកនៅថ្ងៃចន្ទសប្តាហ៍នេះ៕