(អូស្រ្តាលី)៖ បុរសជាជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទរត់ពន្ធបារីដោយខុសច្បាប់ច្រើន ជាង៦លានកញ្ចប់ចូលក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ អាជ្ញាធរព្រំដែនអូស្ត្រាលី (ABF) បានឱ្យដឹងទៀតថាបារីជាង ៦លានកញ្ចប់ខាងលើត្រូវបានលាក់នៅក្នុងកញ្ចប់ជាច្រើនយ៉ាងល្អ និងមានប្រភពមកពីប្រទេសម៉ាឡេស៊ី ហើយបើគិតជាប្រាក់គេច ពន្ធសរុបមានតម្លៃរហូតដល់ ២.៨៦លានដុល្លារ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអូស្រ្តាលី បុរសជាជនជាតិម៉ាឡេស៊ីខាងលើបានសារភាពពីទោសកំហុសនៅក្នុងសវនាការមួយ នៅឯទីក្រុង Melbourne កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ បន្ទាប់ពីត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលព្យាយាមរត់ចេញពីអូស្ត្រាលីកាលពីឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៨ អាជ្ញាធរអូស្ត្រាលីបានស្ទាក់ចាប់ការនាំចូលបារីខុសច្បាប់ចំនួន១១០,០០០ករណី នៅឯតំបន់ព្រំដែន ក្នុងនោះរួមមានបារី២៤០លានកញ្ចប់ និងថ្នាំជក់២១៧តោន ឬគិតជាប្រាក់ស្មើនឹង៣៥៦លានដុល្លារអូស្រ្តាលី៕