(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាលោកនឹងធ្វើដំណើរចាកចេញពីទីក្រុងវ៉ាស៊ីនតោនឆ្ពោះមក កាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកស្អែកនេះ (ថ្ងៃចន្ទសប្ដាហ៍នេះ) ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន...ហើយយើង ទំាង២សង្ឃឹមថាអាចនឹងបន្តភាពរីកចំរើនទៅមុខដូចដែលធ្លាប់បានធ្វើនៅក្នុងជំនួបកំពូលនៅឯប្រទេសសិង្ហបុរីស្ដីពីការរំសាយអាវុធ នុយក្លេអ៊ែរ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នាជាលើកទី២ក្នុងកិច្ចប្រជុំកំពូលដែលនឹងត្រូវធ្វើនៅ ទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំទាំង២ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុង ប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៨។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានទទួលស្គាល់ផងដែរថាលោក គីម ជុងអ៊ុន កំពុងជិះរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហាណូយហើយ ខណៈគេរំពឹងថាលោកនឹងធ្វើដំណើរមកដល់រដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះ៕