(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងមិនទាន់អនុវត្តន៍ការដំឡើងពន្ធលើទំនិញចិននាថ្ងៃទី០១ ខែមីនា ខាងមុខនេះឡើយ ហើយសង្ឃឹមថានឹងអាចជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកប្រធានាធិបតីអាមេរិកបានធ្វើការប្រកាសបែបនេះនៅលើទំព័រ Twitter របស់លោក។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា លោកនឹងពន្យាពេលការដំឡើងពន្ធលើផលិតផលចិន ដែលកន្លងមកត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ដោយសារ បើតាមការអះអាងរបស់លោក គឺអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ កិច្ចចរចាលើបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា លោកនិងលោក ស៊ី ជីនពីង ប្រហែលអាចជួបមុខគ្នាក្នុងពេលឆាប់ៗ ខណៈដែលមានសេចក្តីរាយការណ៍ព័ត៌មានថា ក្រុមមន្រ្តីអាមេរិកនិងចិន កំពុងពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំកំពូលមួយនាចុងខែមីនា រវាងមេដឹកនាំនៃប្រទេសទាំងពីរ។
គួរជម្រាបថា សហរដ្ឋអាមេរិកនិងចិនបានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ចាប់តាំងពីលោក ត្រាំ បានប្រកាសនៅខែមិថុនា ឆ្នាំ២០១៨ថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធ២៥ភាគរយលើទំនិញចិនគិតជាទំហំទឹកប្រាក់ស្មើនឹង៥០ពាន់លានដុល្លារ ដើម្បីស្តាឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ។ ចាប់ពីនោះមក អាមេរិកនិងចិនបានប្រកាសដំឡើងពន្ធដាក់គ្នាទៅវិញទៅមកជាបន្តបន្ទាប់រហូតដល់ខែធ្នូ ជាពេលដែលលោក ត្រាំ និង លោក ស៊ី បានយល់ព្រមផ្អាកសង្រ្គាមនេះរយៈពេល៩០ថ្ងៃ ដើម្បីទុកឱកាសឲ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ៕