(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារពុលស្រានៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសបានកើន ដល់១៣៣នាក់ហើយ ខណៈច្រើនជាង២០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឥណ្ឌា មនុស្ស១០នាក់ក៏ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយផងដែរ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការ លក់ស្រាក្លែងក្លាយខុសច្បាប់។ ប៉ុន្តែ ករណីពុលស្រាបែបនេះ មិនជារឿងថ្មីថ្មោងនៅប្រទេសឥណ្ឌានោះទេ ពោលគឺនៅក្នុងខែកុម្ភៈ នេះមនុស្សជិត១០០នាក់ បានស្លាប់នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand បន្ទាប់ពីពួកគេផឹកស្រាក្លែងក្លាយគ្មានច្បាប់ អនុញ្ញាត។
គួរជម្រាបថា កាលពីឆ្នាំ២០១៥ ក៏មានមនុស្សជាង១០០នាក់ស្លាប់ក្នុងករណីដូចគ្នានដែរ នៅឯតំបន់សំណង់អនាធិបតេយ្យក្នុង ទីក្រុងម៉ុមបៃ ហើយនៅឆ្នាំ២០១១ មនុស្សចំនួន១៧២នាក់បានបាត់បង់ជីវិត នៅរដ្ឋ Bengal ខាងលិច។ គ្រឿងស្រវឹងក្លែងក្លាយ ឬខុសច្បាប់មានការពេញនិយមខ្លាំងនៅឥណ្ឌា ព្រោះតែតម្លៃថោកនិងភាពងាយស្រួលក្នុងការស្វែងរករបស់ពួកវា ជាពិសេសជនក្រីក្រជាច្រើនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសនេះ៕