(បង់ក្លាដែស)៖ ជើងហោះហើរមួយដែលគ្រោងឆ្ពោះទៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើចុះចតជាបន្ទាន់នៅព្រលានយន្តហោះទីក្រុង Chittagong នៃប្រទេសបង់ក្លាដែស បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ជនសង្ស័យម្នាក់មានបំណងប្លន់យន្តហោះនេះនៅកណ្តាលអាកាសតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាយប់ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ូលិសនៃព្រលានយន្តហោះ Chittagong បានអះអាងថា ក្រោយយន្តហោះចុះចត វាត្រូវបានឡោមព័ទ្ធភ្លាមៗដោយកងកម្លាំងមានសមត្ថកិច្ច ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព នៅសល់តែជនសង្ស័យជាចោរប្លន់យន្តហោះ និងបុគ្គលិកបម្រើការងារនៅលើយន្តហោះនោះម្នាក់ប៉ុណ្ណោះ ដែលមិនទាន់បានចុះមក។
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា ជនសង្ស័យមានកាំភ្លើងកាន់នៅហ្នឹងដៃបានធ្វើការបាញ់គម្រាមមួយគ្រាប់ និងក្រោយមកក៏បានប្រទាញប្រទង់គ្នាជាមួយពីឡុត ហើយជនសង្ស័យរូបនោះបានស្រែកថា រូបគេចង់ជួបជាមួយនាយករដ្ឋមន្ត្រី (អាចជានាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលទើបជាប់ឆ្នោត)។ ពុំមានការបញ្ជាក់លម្អិតបន្ថែមទៀតឡើយ អំពីការចាប់ខ្លួនជនសង្ស័យរូបនេះ ឬក៏យ៉ាងណានោះ។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះមានជើងហោះហើរលេខ BG 147 ជាកម្មសិទ្ធិរបស់អាកាសចរណ៍បង់ក្លាដែស Biman ដែលបានគ្រោងហោះហើរពីរដ្ឋធានីដាកា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប៉ុន្តែវាត្រូវបានចុះចតនៅទីក្រុង Chittagong ឬ Chattogram នៃប្រទេសបង់ក្លាដែសវិញ បន្ទាប់ពីកើតមានករណីប៉ុនប៉ងប្លន់យន្តហោះខាងលើនេះ៕